រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងឱកាសអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងឱកាសអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថាថ្ងៃនេះជួសមុខលោកជំទាវ អភិបាលខេត្ត ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដោយបានមកចូលរួមជាមួយឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ជាមួយលោក លោកស្រី ក្មួយៗទាំងអស់ នាឱកាសនេះ។ គ្រប់ជនជាតិនៅលើពិភពលោកនេះ តែងតែមានមោទនភាពនឹងវប្បធម៌ជាតិខ្លួន។ ដោយឡែកជនជាតិខ្មែរយើងក៏ពិតជា មានមោទនភាពយ៉ាងក្រៃលែងចំពោះមាតុភូមិកម្ពុជា ដែលមានប្រវត្តិយូរលង់មានដើមកំណើតច្បាស់លាស់ មានការកសាងរៀបចំវប្បធម៌ទាំងរូបី និងអរូបីដ៏ល្បីល្បាញ ឆ្លុះបញ្ចាំងឱ្យឃើញនូវកម្រិតកំពូលអរិយធម៌។ អម្បូរខែ្មរ ជាអម្បូរអ្នកមានទេពកោសល្យច្នៃប្រឌិតខ្ពស់ក្នុងវិស័យស្ថាបត្យកម្ម ចម្លាក់ គំនូរ កំណាព្យ តន្ត្រី ល្ខោន ។ ល ។ ជាក់ស្តែងយើងអាចមើលឃើញពីទេពកោសល្យទាំងនោះតាមរយៈប្រាង្គប្រាសាទនានា។ ពិភពលោកមានការស្ញប់ស្ញែងពីភាពសម្បូរបែបនៃសិល្បៈខ្មែរ មានភ្លេងបុរាណ ក្បាច់របាំបុរាណ របៀបសរសេរកំណាព្យ ស្មូតកំណាព្យ ដែលរីកចម្រើនរុងរឿងខ្លាំងនៅសម័យឧត្តុង្គ និងចតុមុខ។
អង្គពិធីទាំងមូលជាទីមេត្រី ! រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ"ទិវាវប្បធម៌ជាតិ" នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណង ធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយបន្តរក្សាប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ដូចជា :
-ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ
-លើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស
-បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូលដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍
-ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមាន ភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ដើម្បីបុព្វហេតុថែរក្សា ការពារ និងអភិវឌ្ឍន៍វប្បធម៌ អារ្យធម៌ដ៏រុងរឿង ព្រមទាំងការលើកកម្ពស់សីលធម៌ គុណធម៌ ប្រពៃណី ទំនៀមទំលាប់ ជំនឿ ការពង្រីងអត្តសញ្ញាណជាតិ និងកិត្យានុភាពជាតិ។
យើងទាំងអស់គ្នាពិតជា មានមោទកភាពជាតិខ្មែរដោយទទួលបាននូវមហាកិត្តិយសដ៏ល្បីល្បាញទាំងក្នុងតំបន់ និងពិភពលោកតាមរយៈការបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដោយអង្គការយូណេស្គូ ក្នុងនោះមាន រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ដោយឡែកបេតិកភណ្ឌអរូបីក៏ត្រូវបានដាក់បញ្ចូលចំនួន៦មុខរួមមាន៖ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល និងគុនល្បុកតោ។
អង្គពិធីទាំងមូលជាទីមេត្រី ! មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសទិវាវប្បធម៌ជាតិ លើកទី២៥នេះ ដើម្បីរំលឹកដល់គុណូបការៈព្រះមហាក្សត្រ ខ្មែរគ្រប់ជំនាន់ ដែលព្រះអង្គបានលះបង់អស់ពីព្រះកាយពល ព្រះហឫទ័យនិងព្រះបញ្ញាញាណរួមជាមួយនឹង បុព្វបុរសខ្មែរគ្រប់រូប ដែលបានបូជាលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាងក្នុងការបង្កើត ថែរក្សា និងការពារ សម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប និងមិនអាចកាត់ថ្លៃបាន ហើយដែលបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះដែល ខ្ញុំក៏សូមឧទ្ទិសសមិទ្ធផលការងារវប្បធម៌ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាបន្ត បន្ទាប់ ព្រមទាំងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ក្នុងឆ្នាំ២០២៣នេះ ចំពោះដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានលាចាកលោកកន្លងទៅ និងសូមឱ្យវិញ្ញាណខន្ធលោកទាំងអស់បានទៅកាន់ទីបរមសុខ។ ខ្ញុំក៏សូមសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះមរតកមនុស្សរស់ និងអ្នកជំនាញផ្នែកសិល្បៈបុរាណខ្មែរទាំងអស់ ដែលកំពុងបន្តសកម្មភាពដ៏មានអត្ថន័យនិងមានតម្លៃដ៏ខ្ពង់ខ្ពស់នេះផងដែរ៕
ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ March 10, 2023

អត្ថបទទាក់ទង