រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងឱកាសអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងឱកាសអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះជួសមុខលោកជំទាវ អភិបាលខេត្ត ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដោយបានមកចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ជាមួយលោក លោកស្រី ក្មួយៗទាំងអស់ដែលភាគច្រើនជាសាសនិកឥស្លាម នាឱកាសនេះ។ នាងខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះ លោកប្រធានមន្ទីរធម្មការ និងគណៈអ៊ីម៉ាំ ព្រមទាំងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជន និងគណៈចលនាសាសនិកឥស្លាមខេត្ត ដែលបានសហការរៀបចំពិធីនេះ ស្របតាមខ្លឹមសារសារាចរ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា។
ខ្ញុំសូមថ្លែង អំណរគុណចំពោះការចូលរួមរបស់លោកអភិបាលក្រុង លោកចៅសង្កាត់ ជាពិសេសបង ប្អូន ក្មួយៗទាំងអស់ ដែលញ៉ាំងឱ្យពិធីនេះប្រកបដោយភាពអធិកអធម។ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោកកម្ពុជា “ព្រះរាជាណាចក្រនៃវប្បធម៌” រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ"ទិវាវប្បធម៌ជាតិ" នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹងជាតិ អត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយ បន្តរក្សាប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ”ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ដូចជា៖

-ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ
-លើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស
-បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូលដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ ក្នុងគោលដៅ ពាណិជ្ជកម្មនិងទេសចរណ៍
-ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមាន ភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោក លោកស្រីសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ! មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសទិវាវប្បធម៌ជាតិ លើកទី២៥នេះ ដើម្បីរំលឹកដល់គុណូបការៈព្រះមហាក្សត្រ ខ្មែរគ្រប់ជំនាន់ ដែលព្រះអង្គបានលះបង់អស់ពីព្រះកាយពល ព្រះហឫទ័យនិងព្រះបញ្ញាញាណរួមជាមួយនឹង បុព្វបុរសខ្មែរគ្រប់រូប ដែលបានបូជាលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាងក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប និងមិនអាចកាត់ថ្លៃបាន ហើយដែលបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះដែល ខ្ញុំក៏សូមឧទ្ទិសសមិទ្ធផលការងារវប្បធម៌ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាបន្ត បន្ទាប់ ព្រមទាំងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ក្នុងឆ្នាំ២០២៣នេះ ចំពោះដួងព្រលឹងបុព្វបុរសខ្មែរ ដែល បានលាចាកលោកកន្លងទៅ និងសូមឱ្យវិញ្ញាណខន្ធលោកទាំងអស់បានទៅកាន់ទីបរមសុខ។ ខ្ញុំក៏សូមសម្តែង ការកោតសរសើរ និងលើកទឹកចិត្តចំពោះមរតកមនុស្សរស់ និងអ្នកជំនាញផ្នែកសិល្បៈបុរាណខ្មែរទាំងអស់ ដែលកំពុងបន្តសកម្មភាពដ៏មានអត្ថន័យនិងមានតម្លៃដ៏ខ្ពង់ខ្ពស់នេះផងដែរ។

ជាចុងក្រោយ ខ្ញុំសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ រីកដុះដាល ក្នុងស្មារតីនិងសកម្មភាពរបស់ជនជាតិខ្មែរគ្រប់ៗរូបជានិច្ចនិរន្តរ៍ ជាពិសេសក្នុងចំណោមយុវជនខ្មែរ ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
ថ្ងៃអាទិត្យ ១៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ March 5, 2023

អត្ថបទទាក់ទង