លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ឯកឧត្តម សយ អ៊ុង ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសន្តិសុខស្បៀង និងអាហារូបបត្ថម្ភ ក្នុងពិធីបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះតាងនាម លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីរីករាយ និងកិត្តិយសក្រៃលែង ដែលបានចូលរួមជាមួយ ឯកឧត្តម អស់លោក លោកសី ក្នុងសិក្ខាសាលា ស្តីពីវឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ នាពេលនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការកោតសរសើរ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម ជូ ប៊ុនហៀង និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តកោះកុង ដើម្បីបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរចំពោះលោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមសិក្ខាសាលានាពេលនេះ។
ឯកឧត្តម អស់លោក លោកស្រី ! រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុង ចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល បានដាក់ចេញកន្លងមក ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការដោះស្រាយនូវ ទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទៀតផង។ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យ តម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួលការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត និងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម យ៉េនឌ័រ និងវិស័យពាក់ព័ន្ធនានា។ កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមយុវជន អ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ និងអន្តរវិស័យខាងលើ គឺជាកត្តាចាំបាច់ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃឫសគល់អសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ការយល់ដឹងពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះសម្រាប់ អភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ហេតុនេះយើងត្រូវបង្កើនចំណេះដឹងដល់សមាជិក ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុង ឱ្យយល់ដឹងអំពី សារៈសំខាន់នៃវិស័យនេះ ព្រមទាំងជំរុញឱ្យមានការចាត់អាទិភាព វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងដំណើរការកសាងផែនការរបស់មន្ទីរ ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ការកៀរគរធនធានថវិកា និងធនធានមនុស្សនានាទាំងក្នុង និងក្រៅសហគមន៍ សម្រាប់លើកកម្ពស់វិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន ។
ឯកឧត្តម អស់លោក លោកស្រី ! ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាស្តីពីវឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំ សម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២២ និងទិសដៅការងារ អនុវត្តបន្តឆ្នាំ២០២៣ នាពេលនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ក្នុងការជជែកពិភាក្សារួមគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវឯកសារគតិយុត្ត និងរបៀបរបបការងារពាក់ព័ន្ធនឹងវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្ត លោក លោកស្រីទាំងអស់ ដែលជា សមាជិកក្រុមការងារ ចូលរួមចំណែកក្នុងការបញ្ចេញមតិយោបល់ឱ្យបានផុលផុសក្នុងសិក្ខាសាលាដ៏មាន សារៈសំខាន់នេះ៕
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ February 23, 2023