រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីសេចក្តីណែនាំបច្ចេកទេសលើការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីសេចក្តីណែនាំបច្ចេកទេសលើការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពីសេចក្តីណែនាំបច្ចេកទេសលើការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ នាពេលនេះ។
ក្នុងនាម លោកជំទាវអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការផែនការ និងវិនិយោគ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល នេះឡើង។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ ហើយលោក លោកស្រី ទាំងអស់ ក៏បានស្តាប់ និងយល់អំពី៖
-ខ្លឹមសារសំខាន់ នៃលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ឋនឹងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ
-ខ្លឹមសារសំខាន់នៃគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត
-បទបង្ហាញដោយសង្ខេប អំពីដំណើររៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
-បទបង្ហាញស្តីពីវិធីសាស្រ្ត និងទំនាក់ទំនងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ
-ការបែងចែកក្រុមពិភាក្សា និងការបង្ហាញលទ្ធផលនៃក្រុមពិភាក្សា ដើម្បីជាប្រយោជន៍ដល់ការកំណត់ចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ នាពេលខាងមុខ។
ទោះបីជាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានរយៈពេលខ្លី ដែលគ្រូឧទ្ទេស របស់យើងមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការបកស្រាយពន្យល់ឲ្យបានក្បោះក្បាយគ្រប់ជ្រុងជ្រោយនោះឡើយ ក៏ប៉ុន្តែក្រុមការងារបានខិតខំសម្រិតសម្រាំង រៀបចំ ចងក្រង មេរៀនដែលជាធាតុដ៏សំខាន់ យកមកបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានបង្ហាញនូវលក្ខណៈទូទៅ ដើម្បីជាមូលដ្ឋាន និងជាទុនក្នុងការយកទៅបំពេញការងារនៅរដ្ឋបាលឃុំ សង្កាត់។ ខ្ញុំរំពឹងថា លោក លោកស្រី និងប្អូនៗទាំងអស់ ពិតជាអាចយកចំណេះដឹងដែលទទួលបានពេលនេះ ទៅអនុវត្តការងារនៅអង្គភាពខ្លួនផ្ទាល់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គណនេយ្យភាព និងរក្សាបាននូវគុណតម្លៃក្នុងនាមជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងសាធារណៈ ពោលគឺខិតខំបម្រើប្រជាពលរដ្ឋមូលដ្ឋានឲ្យបានល្អប្រសើរ សំដៅធានាបាននូវការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់គុណភាពអប់រំ និងការលើកកម្ពស់សុខុមាលភាព ព្រមទាំងការអភិវឌ្ឍនានានៅមូលដ្ឋានប្រកបដោយមោទកភាព។
លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ ជាទីគោរព និងស្រលាញ់រាប់អាន! ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងពង្រឹងការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ខ្ញុំសូមផ្តល់ជាគោលការណ៍មួយចំនួនដូចខាងក្រោម៖
១.រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់ខ្លួន ឱ្យបានឆាប់រហ័ស និងចាប់ផ្តើមរៀបចំកម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៤-២០២៦ អោយបានទាន់ពេលវេលា រួចផ្ញើគម្រោងវិនិយោគជាអាទិភាពដោយប្រើប្រាស់ថវិការបស់ខ្លួន មករដ្ឋបាលខេត្តត្រឹមសប្តាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២៣ ខាងមុខ
២.រដ្ឋបាឃុំ សង្កាត់ត្រូវចាប់ផ្តើមរៀបចំផែនការអភិវឌ្ឍន៍ ០៥ឆ្នាំ ២០២៣-២០២៧ ស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់
៣.មន្ទីរផែនការ និងទីចាត់ការផែនការ និងវិនិយោគ ត្រូវសម្របសម្រួល គាំទ្រ និងតាមដានការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់
៤.រដ្ឋបាលឃុំ សង្កាត់ ត្រូវបិទបញ្ជីចំណូល ចំណាយថវិកាប្រចាំឆ្នាំ២០២២ ដោយផ្ញើមកពិនិត្យនីត្យានុកូលភាពនៅរដ្ឋបាលខេត្តត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុំណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈអធិបតី អស់លោកក្រុមគ្រូឧទ្ទេសទាំងអស់លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ លោក លោកស្រីប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ លោក លោកស្រីស្មៀនឃុំ សង្កាត់ និងប្អូនៗយុវជន ស.ស.យ.ក ទាំងអស់ និងសូមជូនពរ សូមមានសុខភាពល្អ និងជោគជ័យក្នុងការងារ និងការសិក្សាព្រមទាំងសូមចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងៗទាំងអស់គ្នា។ ជាទីបញ្ចប់ សូមប្រកាសបិទវគ្គបណ្តុះបណ្តាល ស្តីពីសេចក្តីណែនាំបច្ចេកទេសលើការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ចាប់ពីពេលនេះតទៅ៕
ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ February 22, 2023

អត្ថបទទាក់ទង