រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ទទួលបន្ទុកប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងខាងប្រតិភូ វិស្វៈករ បច្ចេកទេស វិទ្យុ និងទូរទស្សន៍ នៃប្រទេសវៀតណាម បានអញ្ជើញមកពិនិត្យសិក្សាទីតាំងផ្ទាល់ នៅវិទ្យុសាគរកោះកុង ដើម្បីអនុវត្តគំរោងជំនួយ ដល់ការផ្សាយ និងពង្រឹងសមត្ថភាព ក្នុងការផលិតកម្មវិធីផ្សាយវិទ្យុ និងទូរទស្សន៍

បន្ទាប់ពីពិនិត្យសិក្សាទីតាំងផ្លាល់ នូវអគារ សំភារៈ បច្ចេកទេសរបស់វិទ្យុ នៃមន្ទីរព័ត៌មានខេត្តកោះកុងរួចមក ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ទទួលបន្ទុកប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ  បានជួបសំណេះសំណាល ប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តកោះកុង ព្រមទាំងបានលើកឡើងពីសារបានថា ÷គំរោងជំនួយ ដល់ការផ្សាយ និងពង្រឹងសមត្ថភាព ក្នុងការផលិតកម្មវិធីផ្សាយវិទ្យុ និងទូរទស្សន៍ ដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងព័ត៌មាន ក្រោមជំនួយឥតសំណងរបស់ប្រទេសវៀតណាមនេះ បានចាប់ផ្តើមឡើងដំបូងតាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ននេះ ភាគីប្រទេសវៀតណាមបានជួយយើងទទួលបាន ចំនួនជាង២០ស្ថានីយ៍រួចមកហើយ ដោយឡែកគំរោងថ្មីនេះបានចាប់ផ្តើមពីឆ្នាំ២០១៩ ប៉ុន្តែដោយសារការ រាំងស្ទះដោយវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើអោយគំរោងដើរយឺត រហូតដល់ចុងឆ្នាំ២០២២ ទើបវិបត្តិនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលជាងមុន ដូចនេះរដ្ឋាភិបាលទាំងពីរបានជំរុញបន្ថែមអោយបន្តរអនុវត្តគំរោង ក៏ដូចជាទិសដៅក្នុងការជួយប្រទេសកម្ពុជាក្នុងការដើរតួនាទីជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម ។ក្រោយពីមានការជំរុញរបស់រដ្ឋាភិបាលទាំងពីរ ខាងភាគីប្រទេសវៀតណាមមានផែនការបញ្ចប់គំរោងនេះត្រឹមរយៈពេល ១០ខែ ដោយគិតចាប់ពីខែមករា ឆ្នាំ២០២៣ នេះតទៅ ហើយសំភារៈមួយចំនួននឹងត្រូវប្រគល់ជូនកម្ពុជាយើងនៅថ្ងៃទី៣០ ខែមេសា ដើម្បីត្រៀមខ្លួនដាក់ដំណើរការ ចូលរួមរៀបចំព្រឹត្តិប្រកួតស៊ីហ្គេម នៅប្រទេសកម្ពុជា ហើយសំភារៈមួយចំនួនទៀតក៏ត្រូវប្រគល់ជូនមុនយុទ្ទនាការឃោសនាបោះឆ្នោតនៅ ខែកក្កដា ខាងមុខនេះ។

     ឯកឧត្តម ជ្រីម ឆេងលីម បញ្ជាក់ផងដែរថា ÷ ក្នុងគំរោងនេះ ភាគីទាំងពីរ ប្រទេសត្រូវទទួលបន្ទុកដោយឡែកពីគ្នា ក្នុងនោះភាគីប្រទេសវៀតណាមទទួលបន្ទុកលើសំភារៈ ការតម្លើង ការបណ្តុះបណ្តាលបច្ចេកទេស និងខាងកម្ពុជាទទួលបន្ទុកលើហេដ្ឋារចនាសម្ព័ន ទីតាំង បន្ទប់អគារ និងអង់តែន ។

      ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ទទួលបន្ទុកប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងប្រតិ វិស្វៈករបច្ចេកទេសនៃប្រទេសវៀតណាម បានអោយដឹងថា ក្រោយពិនិត្យទីតាំងផ្ទាល់រួមគ្នារួចហើយ ខាងគំរោងសម្រេចថា ÷ វិទ្យុនៃមន្ទីរព័ត៌មានខេត្តកោះកុង នឹងទទួលបាន សំភារៈមួយសេតមួយកំភ្លេតែម្តង ចាប់ពីម៉ាស៊ីនផ្សាយ សំភារៈស្ទូតឌីយូផលិតកម្មវិធី និងសំភារៈកន្លែងកាត់ត  ។

       ក្នុងនោះ ឯកឧត្តម ជ្រីម ឆេងលីម សូមស្នើដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងវិទ្យុ នៃខេត្តកោះកុង សូមត្រៀមរៀបចំ នូវ បន្ទប់អគារ និងរចនាសម្ព័ន្ធ ដើម្បីត្រៀមទទួល សំភារៈ និងស្នើសុំផងដែរនៅការត្រៀមមន្ត្រីសំរាប់ចូលរួមបណ្តុះបណ្តាលបច្ចេកទេសនៃការគ្រប់គ្រងប្រើប្រាស់សំភារៈដែរបានប្រគល់ជូននៅពេលខាងមុខផងដែរ។

      លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានតំណាងឯកឧត្តម មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ÷ ក្នុងនាមមន្ទីរព័ត៌មាន ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជនៃមន្ទីរព័ត៌មានខេត្តកោះកុង បានសំដែងនូវអារម្មណ៍រីករាយត្រេកអរនឹងថ្លែងអំណរអរគុណជាខ្លាំងដល់ប្រតិភូក្រសួងព័ត៌មាន និងក្រុមវិស្វៈករ បច្ចេកទេសនៃប្រទេសវៀតណាម ដែរអញ្ជើញពិនិត្យសិក្សាផ្ទាល់ និងព្រមទាំងត្រៀមផ្តល់ជំនួយ ដល់ការផ្សាយ និងពង្រឹងសមត្ថភាព ក្នុងការផលិតកម្មវិធីផ្សាយរបស់វិទ្យុសាគរកោះកុងFM94.5 របស់មន្ទីរព័ត៌មានខេត្តកោះកុង ក្នុងន័យជួយអភិវឌ្ឍន៍ដល់ប្រព័ន្ធផ្សព្វផ្សាយអោយមានការរីចំរើនទូលំទូលាយក៏ដូចជាការលើកស្ទួយវិស័យព័ត៌មាននៅកម្ពុជា ។

        លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង សូមគោរពជូនពរ ឯកឧត្តម និងគណៈប្រតិភូ ក្រុមវិស្វៈករ ក្រុមការងារបច្ចេកទេសទាំងអស់សូមទទួលបានសុខភាពល្អ  និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទទាក់ទង