រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង និងអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មាន នៃក្រសួងបរិស្ថាន សហការរៀបចំ យុទ្ធនាការ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន ក្នុងខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត និងឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតី ក្នុងការប្រារព្ធរៀបចំយុទ្ធនាការ ស្តីពីការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តក បរិស្ថាន ក្នុងខេត្តកោះកុង ដែលសហការរៀបចំដោយ រដ្ឋបាលខេត្តកោះកុង និងអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មាន នៃក្រសួងបរិស្ថាន ដែលត្រូវបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅបរិវេណផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

យុទ្ធនាការនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្នុងគោលបំណង៖ ធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ ចូលរួមអនុវត្តក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងអនុវត្តតាមគោលការណ៍ណែនាំ របស់ ក្រសួងជំនាញ ក្នុងគ្រប់គ្រងសំណល់ដែលបានបញ្ចេញ ស្របតាមប្រធានបទទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទជាតិ “យុទ្ធនាការ ស្តីពីការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តក បរិស្ថាន”។

ឆ្លៀតក្នុងអង្គពិធី លោកស្រីអភិបាលរងខេត្ត បានថ្លែងជម្រាបថា ទឹកដីខេត្តកោះកុងជាតំបន់ ដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិជាច្រើន ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តែងតែចូលចិត្តមកកំសាន្តយកខ្យល់អាកាសបរិសុទ្ធពីតំបន់មាត់សមុទ្រ និងតាមតំបន់រមណីយដ្ឋាននានាទូទាំងខេត្ត ពិសេសភ្ញៀវទេសចរណ៍ មកកំសាន្តនៅខេត្តកោះកុង មានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ ដូចនេះ យើងចាប់ផ្តើមទាំងអស់គ្នា ស្រឡាញ់ភាពស្រស់ស្អាត សំអាតបរិវេណផ្ទះសម្បែង និងថែរក្សាសោភ័ណភាពទីសាធារណៈ ក្នុងខេត្តយើង ដើម្បីឲ្យខេត្តយើង មានភាពទាក់ទាញថែមទៀត និងត្រូវបានកំណត់ជាតំបន់បៃតងដ៏ ស្រស់ស្អាត មិនមានសំណល់ប្លាស្ទិករាយប៉ាយ និងហោះហើរតាមទីសាធារណៈ៕

អត្ថបទទាក់ទង