រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមឧកញ៉ា សៀ សុភ័ក្ត រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពិធីបុណ្យណូអែល

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមឧកញ៉ា សៀ សុភ័ក្ត រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពិធីបុណ្យណូអែល ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ទោះបីរដ្ឋធម្មនុញ្ញបានកំណត់ថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ” ប៉ុន្តែរដ្ឋបានលើកទឹកចិត្ត និងផ្តល់សេរីភាពដល់ការគោរពជំនឿសាសនាដទៃយ៉ាងពេញលេញ។ ជាក់ស្តែង ឥស្លាមសាសនា គ្រិស្តសាសនា ក៏ត្រូវបានផ្តល់ការគាំទ្រក្នុងការប្រតិបត្តិតាមជំនឿរបស់បរិស័ទ ដោយមិនមានការរើសអើងឡើយ។ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួននាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយឃើញបងប្អូនគ្រិស្តបរិស័ទទាំងអស់មានសេចក្តីសុខ មានភាពរីករាយសាទរជាមួយនឹងការប្រតិបត្តិជំនឿរបស់ខ្លួន ក្រោមដំបូលសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូចដែលបងប្អូនជ្រាបហើយថា ក្រោមរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺរបប ប៉ុល ពត ប្រទេសជាតិត្រូវបានបំផ្លាញជាផេះផង់។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ឈរលើមូលដ្ឋាននៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងបាន ស្តារ កសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះ វិស័យជំនឿសាសនា ក៏ត្រូវបានអនុញ្ញាត និងគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់។ សាសនាទាំងអស់នៅកម្ពុជា ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអនុវត្តតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ប្រមុខរាជរដ្ឋាភិបាល បានអប់រំមនុស្សទៅរកផ្លូវល្អ មានក្តីសុខ ក្នុងផ្លូវចិត្ត ក្នុងគ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោកទាំងមូល។ យើងទាំងអស់គ្នា ពិតជាមានមោទនភាព ដោយបានឃើញការរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ វិស័យសាសនា ដែលដឹកនាំមនុស្សទៅរកផ្លូវល្អ អប់រំចិត្តមនុស្សឱ្យមានសេចក្តីសុខ ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ស្តីអំពីសុខដុមនីយកម្មសាសនា ដោយធ្វើយ៉ាងណាឱ្យសង្គម យើងមានសេចក្តីសុខ សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។
“អរគុណសន្តិភាព” ជាឃ្លាបំផុសចិត្តយើងឱ្យមានបេះដូងស្រទ្បាញ់រាប់អានគ្នា ស្រទ្បាញ់សន្តិភាព និងការពារសន្តិភាព។ រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសេចក្តីសុខ សុភមង្គលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបានផ្តល់សិទ្ធិសេរីភាពក្នុងការគោរពតាមជំនឿសាសនារបស់ខ្លួនរៀងៗខ្លួន។ ពិតណាស់សាសនា ជាកម្លាំងជំរុញចិត្ត អប់រំចិត្តមនុស្សឱ្យមានសេចក្តីស្រទ្បាញ់ មានសីលធម៌រស់នៅល្អ និងជួយរួមចំណែកក្នុងការអភិវឌ្ឍសង្គម។ នាងខ្ញុំមានសេចក្តីរីករាយ និងសូមកោតសរសើរចំពោះលទ្ធផល ដែលគ្រិស្តបរិស័ទសម្រេចបាននាពេលកន្លងមក។ តាមរយៈរបាយការណ៌សមិទ្ធផល២ឆ្នាំកន្លងមកនេះ ឃើញថាមានសកម្មភាព ជួយក្រុមគ្រួសារក្រីក្រ និងរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនទៀត។ កិច្ចការគ្រិស្តបរិស័ទ នៅក្នុងមូលដ្ឋានពិតជាសំខាន់ណាស់ ដូចជាការបង្កើតសាលារៀន ការសំអាត និងអប់រំពីបរិស្ថាន វគ្គបណ្តុះបណ្តាលយុវជន កម្មវិធីសប្បាយៗដទៃទៀត ដែលជួយពង្រឹងសមត្ថភាព សេចក្តីក្លាហាន និងទស្សនៈធំទូលាយដល់ក្មេងៗជំនាន់ក្រោយ។ កិច្ចការទាំងនេះ ពិតជាចាំបាច់ណាស់សម្រាប់អនាគតរបស់ពួកគេ។ ក្នុងដំណាក់កាលវិបត្តិធំ ជំងឺកូវីដ-១៩នេះ យើងរៀនបានមេរៀនធំមួយគឺ យើងត្រូវការគ្នាទៅវិញទៅមក យើងត្រូវការជួយថែរក្សាគ្នាទៅវិញទៅមក ថែជីវិតផ្ទាល់ខ្លួន ថែអ្នកដទៃ សង្គមជាតិ និងថែសាកលលោកទាំងមូល។ ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំគ្រិស្តបរិស័ទ អង្គការដៃគូ និងបេសកជនដែលមកបម្រើការងារនៅខេត្តកោះកុងទាំងអស់។ តាងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំគ្រិស្ទបរិស័ទ និងសមាជិកទំាងអស់ឱ្យចូលរួមចំណែកអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែមានការរីកចម្រើន យុវជនមាន ក្រមសីលធម៌ល្អ សង្គមបានសុខ និងឃើញខេត្តកោះកុងកាន់តែមានភាពស្រស់ស្អាតខាងបរិស្ថានសង្គម និងបរិស្ថានធម្មជាតិ។
ជាទីបញ្ចប់ សូមព្រះយេស៊ូវ ប្រទានពរ ជួយដឹកនាំប្រទានប្រាជ្ញា និងសុខភាពល្អដល់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី និង ប្អូនៗទំាងអស់។ 
សួស្តីណូអែល!  អាម៉ែន! ៕
ថ្ងៃពុធ ១៣ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ December 21, 2022

អត្ថបទទាក់ទង