រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបណ្តាញមន្រ្តីបង្គោលយេនឌ័រ តាមមន្ទីរវិស័យ ស្តីពីការផ្តល់សេវា ដែលគិតគូរពីបរិយាប័ន្ន និងសមធម៌សង្គម ដល់មន្ត្រីបង្គោលយេនឌ័រតាមមន្ទីរ អង្គភាព

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបណ្តាញមន្រ្តីបង្គោលយេនឌ័រ តាមមន្ទីរវិស័យ ស្តីពីការផ្តល់សេវា ដែលគិតគូរពីបរិយាប័ន្ន និងសមធម៌សង្គម ដល់មន្ត្រីបង្គោលយេនឌ័រតាមមន្ទីរ អង្គភាព ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ នាងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមជាអធីបតីក្នុង កិច្ចប្រជុំបណ្តាញមន្រ្តីបង្គោលយេនឌ័រ តាមមន្ទីរវិស័យ ស្តីពីការផ្តល់សេវា ដែលគិតគូរពីបរិយាប័ន្ន និងសមធម៌សង្គម និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងនាពេលនេះ។ បច្ចុប្បន្ន នាងខ្ញុំត្រូវបានគណៈអភិបាលខេត្តសម្រេចឱ្យទទួលបន្ទុកការងារ វិស័យកិច្ចការនារី ដូច្នេះដើម្បីដឹកនាំកិច្ចការបានគ្រប់ជ្រុងជ្រោយ ខ្ញុំត្រូវស្វែងយល់បន្ថែមលើការងារមួយចំនួនជាច្រើនទៀត ពិសេសការងារយេនឌ័រ ពីលោកស្រី លោក អ្នកនាង កញ្ញាទាំងអស់ ដោយស្តាប់ព័ត៌មាន និងការងារនៅក្នុងមន្ទីរ អង្គភាព របស់លោកស្រី លោក ដើម្បីបានយល់កាន់តែច្បាស់ ពីការផ្តល់សេវាផ្សេងៗពាក់ព័ន្ធប្រជាពលរដ្ឋ មានបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានាដែលកើតមានតាមបណ្តាមន្ទីរ អង្គភាព។ នាងខ្ញុំសូមទាញការចាប់អារម្មណ៍ថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលបានដាក់ចេញ នូវ " ការពង្រឹមសមភាពយេនឌ័រ " ក្នុងជ្រុងទី៤ នៃ មុំទី១ ។ ដូចគ្នាដែរ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឃជាតិផែនការតាមវិស័យ ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ និងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តយើង ក៏មានចែងអំពី បញ្ហាយេនឌ័រនេះផងដែរ។ ដើម្បីអនុវត្តឱ្យបានជោគជ័យ នូវគោលការណ៍ទាំងនេះ កន្លងមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងមន្ទីរអង្គភាព បានបង្កើតនូវយន្តការនានា ដើម្បីជាប្រតិបត្តិករ ក្នុងការអនុវត្តឱ្យបានជោគជ័យ ។ ជាក់ស្តែង នៅតាមមន្ទីរអង្គភាព ក្នុងខេត្តយើង មានចាត់តាំង ជនបង្គោលយេនឌ័រគ្រប់មន្ទីរ អង្គភាព ដែលជាបណ្តាញជនបង្គោលយេនឌ័រ តាមមន្ទីរវិស័យ។ ថ្ងៃនេះ ជនបង្គោលយើង បានមកជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការផ្តល់សេវា ដែលគិតគូរពីបរិយាប័ន្ន និងសមធម៌ ដែលជាកិច្ចពិភាក្សា ដ៏មានសារសំខាន់បំផុត។
ការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម មានន័យថា ក្នុងដំណើរការអនុវត្តការងារ ត្រូវលើកទឹកចិត្ត ឱ្យមានការពិភាក្សាប្រកបដោយលក្ខណៈបើកចំហ និងរួមបញ្ចូល នូវបញ្ហានានា ពាក់ព័ន្ធ នឹងបរិយាប័ន្ន និងសមធម៌សង្គម ទៅក្នុងការអនុវត្តសកម្មភាពការងារ និងការផ្តល់សេវាផ្សេងៗប្រកបដោយសមធម៌ ។ តាមរយៈកិច្ចប្រជុំនាពេលនេះ នាងខ្ញុំសូមស្នើលោកស្រី លោក ចូលរួមពិភាក្សា ផ្លាស់ប្តូរ យោបល់គ្នា ដើម្បទទួលបានព័ត៌មាន បទពិសោធន៍ និងចែករំលែកគ្នាទៅវិញទៅមក ទាក់ទងនឹងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម ។ ការផ្តល់មតិយោបល់ និងការពិភាក្សាពាក់ព័ន្ធ នឹងការងារការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងាររបស់លោកស្រី លោក អ្នកនាងកញ្ញា ដែលបានអនុវត្តនាពេលកន្លងមក នឹងក្លាយជាធាតុចូលដែលមានសារៈសំខាន់ សម្រាប់ការបន្តអនុវត្តគោលនយោបាយអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ នាងខ្ញុំសូមជូនពរ គណៈអធិបតី លោកស្រី លោក ទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យ គ្រប់ភារកិច្ច និង សូមប្រកាសបើកកិច្ចប្រជុំ ចាប់ពីពេលនេះតទៅ ៕
ថ្ងៃពុធ ១៣ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ December 21, 2022

អត្ថបទទាក់ទង