រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដី និងសំណង់មួយកន្លែងស្ថិតនៅស្រុកស្រែអំបិល ដែលសារព័ត៌មានចុះផ្សាយថា មានការកាប់ព្រៃកោងកាង និងចាក់ដីចូលសមុទ្រ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី និងសំណង់មួយកន្លែង របស់ឈ្មោះ អ៊ុក វរ៉ា ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលសារព័ត៌មានបានចុះផ្សាយថា មានការកាប់ព្រៃកោងកាង និងចាក់ដីចូលសមុទ្រ។ តាមការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងដីដែលឈូសឆាយអភិវឌ្ឍនេះ ជាទីតាំងដីស្ថិតនៅជាប់នឹងភូមិប្រជាពលរដ្ឋ ហើយក្នុងទីតាំងដីនេះមានរៀបចំជាពីរផ្នែក។ មួយផ្នែក មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ធ្វើវារីវប្បកម្ម ដែលទីតាំងដីនេះស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ ចំពោះការធ្វើវារីវប្បកម្មនេះ មានលិខិតអនុញ្ញាតពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ២៨ ជ.ផ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យធ្វើវារីវប្បកម្ម ៖ ចិញ្ចឹមត្រីចម្រុះ បង្គា ក្តាម និងផលិតកូនត្រី នៅក្នុងស្រះមានផ្ទៃក្រឡាសរុប ៦០៨០០ម៉ែត្រការ៉េ។ ចំណែកមួយផ្នែកទៀត មានការសាងសង់សំណង់រំលោភចូលទៅក្នុងព្រែក ដែលទីតាំងនេះ ជាទីតាំងដីសហគមន៍នេសាទជីខក្រោម ហើយការសាងសង់នេះមានការអនុញ្ញាតពីសហគមន៍ដែរ ប៉ុន្តែសំណង់នេះនៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម ៖
១-ចំពោះទីតាំងវារីវប្បកម្ម គឺមានលិខិតអនុញ្ញាតពីរដ្ឋបាលជលផល ដូច្នេះរដ្ឋបាលខេត្តមិនជំទាស់ក្នុងការអភិវឌ្ឍទេ
២-ចំពោះទីតាំងដែលមានការសាងសង់សំណង់រំលោភចូលព្រែក៖ ដោយសារទីតាំងនេះស្ថិតនៅក្នុងទីតាំងដីសហគមន៍នេសាទជីខក្រោម រដ្ឋបាលខេត្តបានប្រគល់ភារកិច្ច ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាមន្ទីរជំនាញសាមី ដឹកនាំក្រុមការងារចុះណែនាំ អនុវត្ត រៀបចំឯកសារ លក្ខខណ្ឌផ្សេងៗស្របតាមច្បាប់ រវាង ម្ចាស់ទីតាំងសំណង់ ដែលមានបំណងអភិវឌ្ឍ ជាមួយសហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន ធ្វើរបាយការណ៍ជូនទៅរដ្ឋបាលខេត្តវិញ។
ជាមួយគ្នានេះ លោក សុខ សុទ្ធី ក៏បានផ្តាំផ្ញើតាមរយៈអ្នកសារព័ត៌មានថា បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគទាំងឡាយ មុននឹងធ្វើការអភិវឌ្ឍដី ឬវិនិយោគអ្វីមួយ សូមមេត្តាស្នើសូមច្បាប់អនុញ្ញាតជាមុន ហើយជាជំហរ របស់រដ្ឋបាលខេត្តកោះកុង គឺសូមស្វាគមន៍ នូវរាល់ការចូលរួមអភិវឌ្ឍលើគ្រប់វិស័យ៕
ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ November 18, 2022

អត្ថបទទាក់ទង