រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការចុះបញ្ជីដីរដ្ឋ ដែលគ្រប់គ្រងដោយតំបន់ប្រតិបត្តិការសឹករងកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការចុះបញ្ជីដីរដ្ឋ ដែលគ្រប់គ្រងដោយតំបន់ប្រតិបត្តិការសឹករងកោះកុង។

*** ការចុះបញ្ជីដីរដ្ឋ ដែលគ្រប់គ្រងដោយតំបន់ប្រតិបត្តិការសឹករងកោះកុង ក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ មន្ត្រីជំនាញភូមិបាលក្រុង ស្រុកនីមួយៗ ដោយមានការចូលរួមសហការពីតំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង តំណាងមន្ទីរបរិស្ថាន ចុះចុចយកនិយាមកា និងតំឡើងផែនទីទីតាំងដី ឱ្យបានត្រឹមត្រូវតាមទីតាំងដីជាក់ស្តែង។ ចំពោះទីតាំងដីដែលគ្រប់គ្រងដោយតំបន់ប្រតិបត្តិការសឹករង ហើយស្ថិតនៅក្នុងទីតាំងដីតំបន់ការពារធនធានធម្មជាតិ នឹងត្រូវស្នើសូមគោលការណ៍អនុញ្ញាតពីក្រសួងបរិស្ថាន។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក សុខ សុទ្ធី ក៏បានណែនាំបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ដូចខាងក្រោម ៖
១-ចំពោះរដ្ឋបាលក្រុង ស្រុក ដែលមានតំបន់ប្រវត្តិសាស្ត្រយោធា សូមធ្វើរបាយការណ៍អំពីទីតាំងដីតំបន់ប្រវត្តិសាស្ត្រយោធាជូនមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តពិនិត្យ និងបន្តនីតិវិធី។
២-រដ្ឋបាលក្រុង ស្រុកទាំងអស់ រួមទាំងមន្ទីរជំនាញ ត្រូវពិនិត្យមើលលើសំណង់ ដែលបានសាងសង់ កំពុងសាងសង់ ថាតើមានច្បាប់អនុញ្ញាតដែរឬទេ។ សូមទប់ស្កាត់នូវការសាងសង់សំណង់ដែលមិនមានច្បាប់អនុញ្ញាត សំណង់រំលោភដីរដ្ឋ រំលោភសមុទ្រ ព្រែក ជាដើម៕
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ November 17, 2022

អត្ថបទទាក់ទង