រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

បណ្ឌិតអភិបាលរង បានលើកឡើងថា ការរៀបចំនូវវេទិកាពិគ្រោះយោបល់នេះគឺដើម្បីជាប្រយោជន៍ ដល់ការតាមដានត្រួតពិនិត្យ និងបង្ហាញពីវឌ្ឍនភាព ឆ្នាំកន្លងទៅ ក្នុងការឆ្លុះបញ្ចាំងលើ ចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំខេត្ត(២០២០-២០២៤)។ វេទិកាពិគ្រោះយោបល់ នឹងផ្សព្វផ្សាយអំពីដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នេះត្រូវបានអនុវត្តប្រកបដោយ តម្លាភាព មានការចូលរួម មានសង្គតិភាព និងវប្បធម៌ប្រជាធិបតេយ្យក្នុង ដំណើរការប្រព្រឹត្តទៅនៃការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាឱកាសមួយដ៏វិសេសវិសាលបំផុតដែលរដ្ឋបាលខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់នេះឡើងក្នុងគោលបំណង៖
• ពិនិត្យនិងកែសម្រួល សេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥)
• ពង្រីកកិច្ចសហការគ្នា រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ឋនានា ដើម្បីកៀគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក
• សម្របសម្រួល និងបន្សីគ្នា រវាងគម្រោង នៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោងនៃកម្មវិធី វិនិយោគ ក្រុងស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។
សមិទ្ធផល វឌ្ឍនភាពការរីកចម្រើន នៃការអភិវឌ្ឍន៍ខេត្តយើងនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ពីសំណាក់មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ពីប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធនានាក្នុងខេត្តទាំងនេះសបញ្ជាក់ឲ្យឃើញច្បាស់នូវធ្លុងសាមគ្គី យ៉ាងរឹងមាំល្អរវាងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសវិស័យឯកជន សប្បុរជននានា ដែលបានរួមសហការកសាងស្ថាបនាអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ របស់យើងឲ្យកាន់តែរឹងមាំ ដើម្បីបង្កើនការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុក ។ ក្នុងន័យនេះសូមឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកចូលរួមទាំងអស់ត្រូវចូលរួមអោយបានជាប់លាប់ តាមរយៈចូលរួមពិភាក្សា ផ្តល់យោបល់ ផ្តល់ធាតុចូល ព្រមទាំងស្វែងយល់ពី ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីបង្ហាញជូន អ្នកពាក់ព័ន្ធនានា ធ្វើជាឧបករណ៍ បម្រើអោយកម្មវិធីនយោបាយនានា ដូចជាប្រព័ន្ធសុវត្ថិភាពសង្គម ការផ្តល់សេវាសុខភាព និងការផ្តល់សេវាសាធារណៈ សំណូមពរ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគក្នុងមូលដ្ឋាន របស់អាជ្ញាធរផងដែរ។រដ្ឋបាលខេត្ដ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត អាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័នជំនាញ ដើម្បីបង្ហាញអំពីទំហំ សូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះសូមឱ្យសមាជិក សមាជិកា នៃវេទិកាពិគ្រោះយោបល់មេត្តារួមគ្នាពិនិត្យ និងផ្តល់យោបល់ ធ្វើការកែលម្អរ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀតជូនដល់ក្រុមការងារកសាងផែនការខេត្តធ្វើការកែសម្រួល និងបំពេញបន្ថែម ដើម្បីដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងកម្មវិធីវិនិយោបីឆ្នាំរំកិលខេត្ត មុននឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស៕
ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ November 15, 2022

អត្ថបទទាក់ទង