រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ ចំនួន២ភូមិ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ ចំនួន២ភូមិ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន២ភូមិ គឺភូមិវាលត្បូង និងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងពិធីនេះ លោក សុខ សុទ្ធី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមជ្រាបថា៖ ដំណើរការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី គឺជាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីថ្មីមានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ និងបច្ចេកទេសទំនើប។ ដើម្បីឱ្យកម្មវិធីនេះអនុវត្តទៅសម្រេចដោយជោគជ័យបាន ទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ព្រមទាំងមានការចូលរួមយ៉ាងជិតស្និតពីរដ្ឋបាលដែនដី ពិសេសគឺ ប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុលបង្ហាញពីតាំងដី ព្រំដី ផ្តល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់តាមទម្រង់ និងនីតិវិធីដែលបានកំណត់។ ដំណើរការនៃការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  គឺត្រូវឆ្លងកាត់ពីដំណាក់កាលនៃការចុះបញ្ជីដី ការបិទផ្សាយទិន្នន័យក្បាលដី និងការស្នើសុំប្រទានកម្មពីរាជរដ្ឋាភិបាល (បើទីតាំងដីស្ថិតក្នុងតំបន់កាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិដោយអនុក្រឹត្យលេខ ៣០អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្គ្រីនរិច តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា) ទើបអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋបាន។
ជាមួយគ្នានេះ លោក សុខ សុទ្ធី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ជ្រាបថា ពេលដំណើការនៃការចុះបញ្ជីចាប់ផ្តើម និងដើម្បីចូលរួមសហការជាមួយមន្ត្រីជំនាញធ្វើឱ្យការចុះបញ្ជីដីប្រព្រឹត្តទៅដោយរលូន គឺតម្រូវឱ្យម្ចាស់ដី យកឯកសារទៅបង្ហាញមន្ត្រីបច្ចេកទេសរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឯកសារបញ្ជាក់សាវតាដី ជាដើម៕
ថ្ងៃសុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ September 30, 2022

អត្ថបទទាក់ទង