ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ណឹម ភិរម្យ អភិបាលស្តីទី តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យ និងការប្រើប្រាស់ឧបករណ៍តាប្លេតតាមបណ្តាក្រុង-ស្រុក នៃខេត្តកោះកុង ក្នុងគោលបំណង
- គាំទ្របច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធមន្ត្រីសម្របសម្រួល ខេត្ត ក្រុងស្រុក ឃុំសង្កាត់
- ធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ នៅតំបន់ទីប្រជុំជននិងតំបន់ដាច់ស្រយាល នីតិវិធីក្នុងការអនុវត្តថ្មី
- ដើម្បីបង្ហាញអំពីវិធីសាស្ត្រ និងការប្រើប្រាស់ App IDPoor ថ្មី
- ដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្របច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្តល់ជំនួយឬសេវាផ្សេងៗ នឹងបន្តរៀបចំដំណើរការនិតិវិធីអត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យ បន្ថែមលើគ្រួសារមានប័ណ្ណសមធម៌ ដែលកំពុងនឹងដំណើរការអនុវត្តតាមនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ សព្វថ្ងៃនេះ ដើម្បីធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ និងក្បែរបន្ទាត់ភាពក្រីក្រ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ដោយសារបញ្ហា និងមូលហេតុនានា ដើម្បីជួយសម្រាលជីវភាពគ្រួសារក្រីក្រ តាមរយៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធី ជំនួយសង្គមនានា របស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្ត។
ជាមួយគ្នានេះផងដែរ លោកអភិបាលស្តីទី បានផ្តាំផ្ញើដល់លោក លោកស្រីដែលជាសិក្ខាកាម និងជាអ្នកទទួលបន្ទុកអនុវត្តការងារនេះផ្ទាល់ សូមយកចិត្តទុកដាក់តាមដាន ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ ដែលអ្នកសម្របសម្រួលបានចែករំលែក ដើម្បីយកទៅបន្តអនុវត្តការងារនេះប្រកបដោយគុណភាព ប្រសិទ្ធភាព នៅមូលដ្ឋានរបស់ខ្លួនប្រលបដោយតម្លាភាព និងស័ក្តិសិទ្ធិភាព។
សមាសភាពរួមមានលោកនាយករងរដ្ឋបាលស្រុក តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រីនិងកុមារ
ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ និងអ្នកគ្រប់គ្រងឬអ្នកប្រើប្រាស់តាប្លេតឃុំទាំងបួន នៃស្រុកកោះកុង។