រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមវេទិកាថ្នាក់ជាតិស្តីពី “ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ” នៅរាជធានីភ្នំពេញ

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមវេទិកាថ្នាក់ជាតិស្តីពី “ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

វេទិកាថ្នាក់ជាតិនេះ បានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ាន ក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេលអនាគតផងដែរ។

វេទិកានេះមានអ្នកចូលរួមពីថ្នាក់ដឹកនាំ-តំណាង ក្រសួង-មន្ទីរ និងស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គទូត និងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហជីព សហគ្រិន និងស្វ័យនិយោជន៍ជាស្រ្តី និងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ២០០នាក់ និង៥០០នាក់ទៀតតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដែលកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការផ្សព្វផ្សាយ និងពង្រឹងគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ននៅកម្ពុជា ។

វេទិកាជាតិនេះក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពី លោកជំទាវ Lenny N. Rosalin អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសមភាពយេនឌ័រ ក្រសួងផ្តល់ភាព អង់អាច ដល់ ស្ត្រី និងគាំពារកុមារ ប្រទេសឥណ្ឌូនេស៊ី និង ជាប្រធានគណៈកម្មការធិការអាស៊ានស្តីពីស្ត្រី ទៅលើប្រធានបទ៖ «ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះវិស័យសេដ្ឋកិច្ចថែទាំ» រួមទាំងមានការពិភាក្សាតុមូលទៅលើប្រធានបទស្តីពី ស្តីអំពីការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្ត្រីក្នុងតំបន់អាស៊ានតាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម ពីវាគ្មិនកិត្តិយសចំនួន៥រូប រួមមាន៖

១. ឯកឧត្ត្មម ថេ ឈុនហាក់ អគ្គនាយក នៃ អគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច

២. លោកជំទាវឧកញ៉ាទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តី នៅកម្ពុជា

៣. លោកស្រី ចាន់ រ៉ាមី នាយិកាប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍យុវជន និងជាប្រធានវេទិកាគាំពារសង្គមសម្រាប់ទាំងអស់គ្នា

៤. លោកស្រី Ms. Channe Lindstrøm Oğuzhan មន្ត្រីសង្គមកិច្ច ផ្នែកសមភាពយេនឌ័រ និង បរិយាប័ន្នសង្គម នៃនាយកដ្ឋានអភិវឌ្ឍន៍សង្គម, ESCAP

៥. លោកស្រី Jacel Javier Paguio មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានលុបបំបាត់ភាពក្រីក្រ និងយេនឌ័រ នៃលេខាធិការដ្ឋានអាស៊ាន ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា៖« វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការចែករំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវព័ត៌មាន និងមតិយោបល់ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅអនុវត្តបាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា ៖ «គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ មានសារៈសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា ជាពិសេសក្នុងចំណោមពលរដ្ឋជាស្រ្តី។ វេទិកាថ្ងៃនេះឆ្លុះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងការចូលរួមចំណែករបស់ស្ថាប័ន នានា និងអង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ន នៅក្នុងប្រទេស និងក្នុងសហគមន៍អាស៊ាន។ អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា»។

ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង