រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ប្រជុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃ ០១ករណី រវាងឈ្មោះ សោម សុខុន និងឈ្មោះ ជួន ណាំសៀង និងប្រពន្ធឈ្មោះ សុខ ម៉ាឡែន ស្ថិតចំណុចត្រពាំងប្រីយ៍ ភូមិស្ទឹងវែង​ សង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃ ០១ករណី រវាងឈ្មោះ សោម សុខុន ជាមួយឈ្មោះ ជួន ណាំសៀង និងប្រពន្ធឈ្មោះ សុខ ម៉ាឡែន លើកម្មវត្ថុនៃដីទំនាស់ទំហំ ១ ០៦៦.៣៩ម៉ែត្រក្រឡា ស្ថិតចំណុចត្រពាំងប្រីយ៍ ភូមិស្ទឹងវែង​ សង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោយការចុះពិនិត្យទីតាំង និងចុចកំណត់និយាមកា នៃដីកាន់កាប់អាស្រ័យផលជាក់ស្តែងរបស់គូភាគីទំនាស់ បានពិនិត្យឃើញថា ដីទំហំ ១ ០៦៦.៣៩ម៉ែត្រក្រឡា ដែលមានកម្មវត្ថុ នៃទំនាស់ គឺជាដីដែលនៅសល់ពីទំហំដី ដែលគូភាគី កាន់កាប់អាស្រ័យផលជាក់ស្តែង ធៀបនិងលិខិតកាន់កាប់ ហើយម្យ៉ាងវិញទៀត ទីតាំងដីស្ថិតនៅក្នុងអនុក្រឹត្យលេខ ៣០អនក្រ.បក ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត។

ជាលទ្ធផល បន្ទាប់ពីការសម្រុះសម្រួល ជានីតិវិធីដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការនៅរដ្ឋបាលសង្កាត់ ក្រុង និងខេត្ត រួមនឹងការសិក្សាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ អង្គប្រជុំ បានឯកភាពសម្រេច ដូចខាងក្រោម ៖
-រដ្ឋបាលខេត្ត នឹងចេញដីកាដកហូតទីតាំងដីទំនាស់ ជាដីសម្បត្តិសាធារណៈរបស់រដ្ឋ កាន់កាប់ដោយរដ្ឋបាលខេត្ត
-រដ្ឋបាលខេត្ត នឹងធ្វើការផ្សព្វផ្សាយចំណាត់ការរបស់អាជ្ញាធរ ទៅគូភាគីទំនាស់ និងអ្នកពាក់ព័ន្ធ ដើម្បីជ្រាប និងអនុវត្ត ឲ្យបានល្អប្រសើរ៕
ថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ August 24, 2022

អត្ថបទទាក់ទង