រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ជួបប្រជុំពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋ ៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ជួបប្រជុំពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋ ៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំពិភាក្សា ជាមួយតំណាងប្រជាពលរដ្ឋ ៣០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍ របស់ក្រុមហ៊ុនយូញៀន។ គោលបំណងសំខាន់របស់តំណាងប្រជាពលរដ្ឋ ៣០គ្រួសារ ដែលស្នើសូមជួបពិភាក្សាជាមួយរដ្ឋបាលខេត្តគឺ ៖

  • ប្រជាពលរដ្ឋ ៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន ហើយមិនទាន់បានមកទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល មានក្តីបារម្ភអំពីឱសានុវាទឈប់ទទួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលមានឈ្មោះត្រូវទទួលសំណង ប៉ុន្តែពួកគាត់មិនទាន់បានមកទទួលយក (ឱសានុវាទបញ្ចប់ការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)។
  • ប្រជាពលរដ្ឋ ៣០គ្រួសារ ដែលមិនទាន់មកទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រោះការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនទាន់សមស្រប ដែលអាចទទួលយកបាន
  • មានប្រជាពលរដ្ឋមួយចំនួនដែលបានទទួលយកគោលនយោបាយរបស់រាជរដ្ឋាភិបាលរួចហើយ បានវិលត្រឡប់មករស់នៅទីតាំងចាស់វិញ។

តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តបានពន្យល់ បកស្រាយជូនតំណាងប្រជាពលរដ្ឋជ្រាបថា ៖

  • គោលការណ៍នៃការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ បែងចែកជាបីប្រភេទ៖
    ប្រភេទទី១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុនយូញៀន ដែលត្រូវទទួលបានគោលនយោបាយ ដីលំនៅឋានទំហំ ០,៥ហិកតា ដីចម្ការទំហំ ៣ហិកតា និងថវិកាចំនួន ៩០០០ដុល្លារ ក្នុងមួយគ្រួសារ ។
    ប្រភេទទី២ ជាប្រជាពលរដ្ឋខុសភូមិ ខុសឃុំ ដែលត្រូវទទួលបានគោលនយោបាយ ដីចម្ការទំហំ ២ហិកតាក្នុងមួយគ្រួសារ
    ប្រភេទទី៣ ជាប្រជាពលរដ្ឋស្នើសូមគោលនយោបាយបន្ថែម ទទួលបានគោលនយោបាយ ដីចម្ការទំហំ ១ហិកតា ក្នុងមួយគ្រួសារ។
  • ចំពោះការដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនយូញៀន គឺជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ហើយរដ្ឋបាលខេត្តគ្រាន់តែចូលរួមសហការ និងជួយសម្របសម្រួលប៉ុណ្ណោះ
  • ពាក់ព័ន្ធនឹងក្តីបារម្ភ និងការលើកឡើងរបស់តំណាងប្រជាពលរដ្ឋ ៣០គ្រួសារ រដ្ឋបាលខេត្តក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ នឹងធ្វើរបាយការណ៍ជូនឯកឧត្តមប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដើម្បីជូនជ្រាប៕
    ថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ August 22, 2022

អត្ថបទទាក់ទង