រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី “ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ” ជូនដល់ក្រុមគោលដៅជាក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី “ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ” ជូនដល់ក្រុមគោលដៅជាក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវអភិបាល បានមានប្រសាសន៍ថា ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួន នាងខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមសម្តែងនូវការកោតសរសើរ ចំពោះគ្រូឧទ្ទេសដែលអញ្ជើញមកពី សាលាជាតិរដ្ឋបាលមូលដ្ឋាន លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកនាយកទីចាត់ការផែនការនិងវិនិយោគ ព្រមទាំងលោកប្រធានសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង និងសហការីទាំងអស់ ដែលបានចូលរួមសហការ និងខិតខំរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី “ ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ”ដ៏មានសារៈសំខាន់នេះឡើង។
ស្របពេលកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម នៅគ្រប់ប្រទេសក្នុងពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំដាក់ចេញនូវវិធានការនានាជាច្រើន ទាំងវិធានការផ្នែកសេដ្ឋកិច្ច និងវិធានការផ្នែកសង្គមកិច្ច សំដៅធានាប្រក្រតីភាពតាមគន្លងថ្មីនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅពង្រឹងឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចក្នុងគ្រប់វិស័យនៅទូទាំងប្រទេស ជាពិសេសវិស័យដែលមានការប៉ះពាល់ផ្ទាល់ដោយការរាតត្បាតជំងឺកូវីដ-១៩ មានជាអាទិ៍វិស័យទេសចរណ៍ជាដើម។ ការគិតគូរបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយអំពីសភាពការណ៍ចំពោះមុខទាំងក្នុង និងក្រៅប្រទេស និងការប្រមើលមើលបានត្រឹមត្រូវអំពីសភាពការណ៍ដែលអាចកើតមាននាពេលខាងមុខ ទន្ទឹមនឹងការចាត់វិធានការទាន់ពេលវេលា ម៉ឺងម៉ាត់ និងសមស្រប ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ព្រមទាំងមានការចូលរួមប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅគ្រប់មជ្ឈដ្ឋាន បានធ្វើឱ្យកម្ពុជាអាចចៀសផុតជាអតិបរមាពីផលវិបាកមួយចំនួនដែលបង្កឡើងដោយជំងឺរាតត្បាតសាកលកូវីដ-១៩។ ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជានៅខេត្តកោះកុង កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសម្របសម្រួល ក៏ដូចការអនុវត្តផ្ទាល់នូវវិធានការ និងគោលនយោបាយនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះរួមមានដូចជា ការផ្សព្វផ្សាយពីវិធានការ ៣កុំ ៣ការពារ ការបិទខ្ទប់តំបន់ឆ្លងមេរោគកូវីដ-១៩ ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាដើម។ ការចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវភាពចាំបាច់ក្នុងការបន្តពង្រឹង ពង្រីកការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា សំដៅធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងភាពធន់ចំពោះហានិភ័យនានា សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានដែលមានលក្ខណៈខុសៗគ្នាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។
ដើម្បីសម្រេចបានគោលបំណងជាយុទ្ធសាស្ត្រក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឈតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតការយកចិត្តទុកដាក់លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ និងភាពធន់ ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្រប ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។ កម្មវិធីជាតិដំណាក់កាលទី២នេះ នឹងផ្តោតជាពិសេសលើការពង្រឹង និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ រួមទាំងការជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការកែលម្អប្រព័ន្ធផែនការនិងថវិកា ការកែលម្អយន្តការនិងនីតិវិធីនៃការផ្តល់សេវាសាធារណៈ និងការលើកកម្ពស់ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស។
វគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយផ្តោតទៅលើ ការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ដែលរួមមានចំនួន០៩ជំពូក ក្នុងនោះ ៖

ជំពូកទី១៖ ទិដ្ឋភាពទូទៅ
ជំពូកទី២៖ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែរគណនេយ្យ និងទំនាក់ទំនងអន្តរអន្តររដ្ឋបាល
ជំពូកទី៣៖ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង
ជំពូកទី៤៖ កិច្ចប្រជុំក្រុមប្រឹក្សា
ជំពូកទី៥៖ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
ជំពូកទី៦៖ ការផ្តល់សេវាសាធារណៈ
ជំពូកទី៧៖ កិច្ចការរដ្ឋបាល
ជំពូកទី៨៖ ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក និង
ជំពូកទី៩៖ ការគ្រប់គ្រងហិរញ្ញវត្ថុ។

ក្នុងន័យនេះ នាងខ្ញុំសូមស្នើ លោកស្រី អស់លោក ចូលរួមឱ្យបានផុលផុស យកចិត្តទុកដាក់ តាមដានស្តាប់ការពន្យល់ ការណែនាំនានា របស់គ្រូឧទ្ទេស ដើម្បីធានាឱ្យការបណ្ដុះបណ្ដាល របស់យើងអាចប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យតាមផែនការគ្រោងទុក៕
ថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ August 22, 2022

អត្ថបទទាក់ទង