រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម កៅ មួយថង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បណ្ឌិតអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើន នៃសង្គមជាតិ និងសមធម៌សង្គម។ ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល បានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទៀតផង។ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យ តម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួលការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម, សុខាភិបាល, អប់រំ, ទឹកស្អាត និងអនាម័យគ្រប់គ្រងធនធានទឹក, គាំពារសង្គម, យ៉េនឌ័រ និងវិស័យពាក់ព័ន្ធនានា។

យោងតាមលិខិតលេខ០០៥ ក.ក.ជ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្ដីពីការណែនាំឱ្យរដ្ឋបាលខេត្ត រៀបចំក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីសម្រេចលេខ ០១២/២២ សសរ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកោះកុង រួចហើយ។ ដូចនេះកិច្ចប្រជុំនាពេលនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ក្នុងការជជែកពិភាក្សារួមគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវឯកសារគតិយុត្ត និងរបៀបរបបការងារពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ៕
ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ August 3, 2022

អត្ថបទទាក់ទង