រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វីរៈស័ក កូវស៊ូរ៉ាត អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃឡងដ៍ ព្រមទាំងឯកឧត្តម ចាំណានវីត តែរ៉ាត អភិបាលខេត្តត្រាត ក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (កោះកុង-ត្រាត)

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វីរៈស័ក កូវស៊ូរ៉ាត អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃឡងដ៍ ព្រមទាំងឯកឧត្តម ចាំណានវីត តែរ៉ាត អភិបាលខេត្តត្រាត ក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (កោះកុង-ត្រាត)

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះតាងនាមឱ្យ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានកិត្តិយស និងមោទកភាពយ៉ាងខ្លាំង សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះគណៈប្រតិភូ ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស ក្រុមកីឡាករទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្ត ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ (កោះកុង-ត្រាត)នាឱកាសដ៏ថ្លៃថ្លានេះ។ នាងខ្ញុំពិតជារីករាយដែលបានចូលរួមជិះកង់ជាមួយថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស ក្រុមកីឡាករ និងអ្នកជិះកង់ទាំងអស់ដែលទើបតែបញ្ចប់អម្បាញ់មិញនេះ។ នាងខ្ញុំសូមកោតសរសើរដោយចិត្តស្មោះ ដែលសមាគមសភាឧស្សហកម្មទេសចរណ៍ខេត្តត្រាត និងស្រុកខ្លងយ៉ៃ សហការជាមួយសភាឧស្សាហកម្មភូមិភាគ៩ ខេត្តរ៉ាក់យ៉ង ខេត្តចន្ទបុរី និងក្រុមហ៊ុននានា នៃព្រះរាជាណាចក្រថៃ-កម្ពុជា បានយ៉ាងល្អប្រសើរ និងបានលៈបង់ ទាំងកម្លាំងកាយចិត្ត ទាំងថវិកាដ៏ច្រើនក្នុងការរៀបចំ ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពកម្ពុជា-ថៃ (កោះកុង-ត្រាត) ប្រកបទៅដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅក្នុងទឹកដីខេត្តកោះកុងនាឱកាសនេះ។ ការជិះកង់កម្សាន្តរួមគ្នាពេលនេះ មានកីឡាករថៃ និងកម្ពុជាចំនួនប្រមាណ ៦០០នាក់ ដែលជាការបង្ហាញឱ្យឃើញ អំពីការរឹតចំណងសម្ព័ន្ធមេត្រីភាព ការពង្រឹងសាមគ្គីភាព ការរួមគ្នាលើកស្ទួយវិស័យកីឡា សុខភាពប្រជាពលរដ្ឋ និងការលើកកម្ពស់វិស័យទេសចរណ៍តាមព្រំដែន។ល។
ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពកម្ពុជា-ថៃ(កោះកុង-ត្រាត)ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ។ បើយើងក្រលេកទៅមើលនៅអតីតកាល កាលពីឆ្នាំ២០១៣ យើងក៏បានរៀបចំកម្មវិធីជិះកង់លក្ខណៈមិត្តភាពរវាង ខេត្តកោះកុង និងខេត្តត្រាត មានអ្នកចូលរួមរហូតដល់៩៩៩នាក់, ឆ្នាំ២០១៥ មានអ្នកចូលរួមចំនួន៥៥៥នាក់,នៅឆ្នាំ២០១៩ ក៏មានកម្មវិធី CARAVAN TOUR យុទ្ធនាការជិះកង់មិត្តភាព កម្ពុជា ថៃ វៀតណាម ផងដែរ។ លើសពីនេះខេត្តកោះកុងក៏បានទទួលនូវព្រឹត្តិការណ៍ដ៏ធំបំផុតមួយទៀតគឺ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់មាត់សមុទ្រកម្ពុជា លើកទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីកីឡាករជាតិ កីឡាករអន្តរជាតិជាច្រើនប្រកបដោយមោទកភាព ភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត។ ទាំងនេះមានន័យថា យើងទាំងអស់គ្នាបានចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកីឡា និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនលូតលាស់ទៅថ្ងៃអនាគតរវាងប្រទេសយើងទាំងពីរកម្ពុជា-ថៃ(កោះកុង-ត្រាត)។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ខ្ញុំសូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពនេះ រៀបចំឡើងក្នុងគោលបំណង៖
-ពង្រឹងចំណងមិត្តភាពរវាងប្រទេសជិតខាងឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត
-ផ្សព្វផ្សាយពីការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព ឱ្យបានកាន់តែប្រសើរដល់តំបន់ទេសចរណ៍ថ្មីៗ
-ផ្សព្វផ្សាយពីការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាព
-ជំរុញចលនាទេសចរណ៍តាមព្រំដែន ជាពិសេសតំបន់ទេសចរណ៍សក្តានុពល ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត និងខេត្តកោះកុង
-លើកកម្ពស់សេដ្ឋកិច្ចប្រជាជនតាមជនបទ និងការចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យ ទេសចរណ៍ និងកីឡា។
ស្របពេលនេះដែរ ខ្ញុំសូមសម្តែងភាពរីករាយជាមួយ ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្រុមកីឡាករទាំងអស់ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (កោះកុង-ត្រាត) ដ៏អធឹកអធមនេះ។ ខ្ញុំក៏សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និងឯកឧត្តមអភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដឹកនាំប្រតិភូ និងក្រុមកីឡាករ ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព ដែលបានរៀបចំនៅតំបន់អេកូទេសចរណ៍បាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ៕
ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ July 29, 2022

អត្ថបទទាក់ទង