រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី ទិវាមច្ឆជាតិ ១ កក្កដា និងរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅត្រពាំងជីត្រេះ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី ទិវាមច្ឆជាតិ ១ កក្កដា និងរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅត្រពាំងជីត្រេះ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា នាងខ្ញុំសូមឆ្លៀតឱកាសនេះរំឭកជូនថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទាំងមូលត្រូវបានកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ គឺជាគោលនយោបាយដឹកនាំប្រកបដោយកំណែទម្រង់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ហើយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងងការធានាកំណើនការងារសមធម៌ និងប្រសិទ្ធភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធ្វើឱ្យកិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ លើឆាកអន្តរជាតិ។ តាមរយៈ ទិវាមច្ឆជាតិ ១ កក្កដា និងរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នាពេលនេះ នាងខ្ញុំសូម សម្តែងនូវការកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តសម្រេចបាននូវស្នាដៃធំៗជាច្រើន រួមចំណែកជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្ត ធ្វើឱ្យជីវភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។ គោលបំណងក្នុង ពិធីទិវាមច្ឆជាតិ ១ កក្កដានេះ គឺបង្កើតឡើងដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រីដែលមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ពិធីរុក្ខទិវា ៩ កក្កដា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ និងជំរុញដល់អាជ្ញាធរក្រុងស្រុក ឱ្យបំផុសចលនាប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅតាមបណ្តាវត្តអារាម សាលារៀន និងនៅតាមទីសាធារណៈនានា។
នាងខ្ញុំ សូមសំណូមពរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវពិនិត្យមើលនូវរាល់ចំណុចខ្វះខាត ហើយលើកយកមកជជែក ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងរកវិធីសាស្ត្រ ក៏ដូចជាវិធានការនានា ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។ ទន្ទឹមគ្នានេះដែរ នាងខ្ញុំសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ដូចតទៅ :
១-សូមចុះទៅពិនិត្យមើល ស្រែ ចម្ការ របស់បងប្អូនឱ្យបានញឹកញាប់ ថាតើមានសត្វល្អិត ឬជំងឺអ្វីខ្លះមកបំផ្លាញដំណាំ និងធ្វើការកំចាត់ឱ្យទាន់ពេលវេលា ឬរាយការណ៍មកភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ដែលនៅជិតបងប្អូនស្រាប់ ចៀសវាងប៉ះពាល់ដល់ទិន្នផលដំណាំរបស់បងប្អូនកាន់តែធ្ងន់ធ្ងរ។
២-ការចិញ្ចឹមគោ-ក្របី សូមកុំលែងវាឱ្យទៅវាលស្មៅ និងប្រភពទឹករួម ព្រោះជាហេតុបង្កឱ្យមានការឆ្លងរាលដាលលឿនដល់ហ្វូងសត្វគោ-ក្របីរបស់បងប្អូន។ ត្រូវតែមានខ្សែកន្លុះ និងក្រោលត្រឹមត្រូវដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំចាក់វ៉ាក់សាំងបានទៀងទាត់ម្យ៉ាងទៀត សូមកុំលែងសត្វចូលទៅក្នុងព្រៃជ្រៅ ដែលលំបាកក្នុងការទៅពិនិត្យ និងព្យាបាល។
៣.ក្នុងរបរនេសាទ សូមបងប្អូនប្រជាពលរដ្ឋ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យហិនហោចមច្ឆជាតិរបស់យើង ពិសេសរដូវបិទនេសាទ។
៤.សូមបងប្អូនប្រជាពលរដ្ឋ កុំកាប់រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃលិចទឹក និងដីព្រៃឈើរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិខុសច្បាប់។
យើងទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោកថា “យើងស្រឡាញ់ កោះកុង” ហើយត្រូវ ចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាន់តែរីកចម្រើន ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាកសិករ សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕
ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ July 19, 2022

អត្ថបទទាក់ទង