រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចការពារតំបន់គម្រោងឥណទានកាបូន ក្នុងខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង កិច្ចការពារតំបន់គម្រោងឥណទានកាបូន ក្នុងខេត្តកោះកុង។ តាមរយៈរបាយការណ៍ និងរូបថតពីអាកាស ដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានផ្តល់ជូនរដ្ឋបាលខេត្ត ឃើញថា ក្នុងតំបន់គម្រោងឥណទានកាបូន ស្ថិតនៅនៅផ្នែកខាងកើតនៃព្រែកកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានការទន្ទ្រានកាប់ព្រៃចំនួន ៥ទីតាំង សរុបផ្ទៃដីប្រមាណ ៣៥ហិកតា។ ទីតាំងកាប់ទន្ទ្រានទាំង ៥ទីតាងនេះ មានចំនួន ២ទីតាំង ស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេង៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែតំបន់នេះត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចសន្យា ជាមួយក្រសួងបរិស្ថាន ដោយរក្សាទុកជាតំបន់ឥណទានកាបូន ២ទីតាំង ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង និងស្ថិតក្នុងតំបន់គម្រោងឥណទានកាបូន និងមួយទីតាំងទៀត មានមួយផ្នែកស្ថិតនៅតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ និងមួយផ្នែកស្ថិតក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង ហើយក៏ស្ថិតនៅក្នុងតំបន់ឥណទានកាបូនផងដែរ។
ដើម្បីចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំ និងស្នើសូមឱ្យមន្ទីរ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ រួមមាន មន្ទីរបរិស្ថាន រដ្ឋបាលស្រុក តំបន់ប្រតិបត្តិការសឹករងកោះកុង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកពាក់ព័ន្ធ សូមចូលរួមសហការអនុវត្តកិច្ចការការពាររួមគ្នា ជាពិសេសត្រូវមានទំនាក់ទំនងជិតស្និទ្ធ ក្នុងការផ្តល់ដំណឹង និងសូមកិច្ចសហការ។
ពាក់ព័ន្ធនឹងទីតាំងមានការកាប់ទន្ទ្រានទាំង ៥ទីតាំង លោក សុខ សុទ្ធី បានណែនាំឱ្យអ្នកមានសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នា ចុះពិនិត្យ និងរក្សា ស្តារព្រៃឡើងវិញ៕
ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ July 19, 2022

អត្ថបទទាក់ទង