រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំចាត់វិធានការសំណង់សង់រំលោភព្រែកកោះប៉ោ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណង់ ដែលលោក តែ ឃុនម៉ុង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងរំលោភចូលក្នុងព្រែកកោះប៉ោ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងសំណង់គ្មានច្បាប់អនុញ្ញាតនេះរួច អង្គប្រជុំបានសម្រេចឯកភាពដូចខាងក្រោម៖
-សំណង់ដែលត្រូវឱ្យរុះរើចេញមាន សំណង់បន្ទប់ចំនួន ៥បន្ទប់ មានបណ្តោយប្រវែង ២៤,៥០ម៉ែត្រ ទទឹងប្រវែង ៩,៧០ម៉ែត្រ
-អនុញ្ញាតឱ្យម្ចាស់សំណង់ឈ្មោះ តែ ឃុនម៉ុង ធ្វើការរុះរើសំណង់ចេញដោយខ្លួនឯង ដោយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងទុករយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ សម្រាប់ការរុះរើសំណង់ដែលបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ទាំងផ្នែកខាងលើ នៃសំណង់ និងសរសរដែលដាំក្នុងទឹក។
-ប្រសិនបើ ម្ចាស់សំណង់មិនអនុវត្តតាមកិច្ចសន្យារបស់ខ្លួនទេ រដ្ឋបាលខេត្តនឹងចាត់វិធានរដ្ឋបាល និងអនុវត្តនីតិវិធីច្បាប់។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានធ្វើការផ្តាំផ្ញើ និងសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចេញនេសាទ និងសូមគោរពតាមការណែនាំរបស់រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួន៕
ថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង