រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ខេត្តកោះកុង ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ខេត្តកោះកុង ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំសិក្សា២០២១-២០២២របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងនាពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមសំដែងនូវការនឹករលឹក និងសួរសុខទុក្ខដល់មន្រ្តីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្ត វិស័យឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះរាល់សមិទ្ធផលការងារដែលលោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍវិស័យ អប់រំ យុវជន និងកីឡា ក្នុងខេត្តកោះកុង។ជាពិសេសសូមកោតសរសើរចំពោះមន្ត្រីអប់រំទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ តាមតួនាទី ភារកិច្ចរៀងៗខ្លួន នៅគ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតទទួលបាននូវលទ្ធផលវិជ្ជមាន ទោះស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ដំណើរការសន្និបាតអប់រំនេះ និងយោងតាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរ ខ្ញុំបានដឹងថា៖គោលបំណង និងខ្លឹមសារលទ្ធផលនៃអង្គសន្និបាត ដែលបានបង្ហាញយ៉ាងល្អិតល្អន់ដូចមានក្នុងរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារ អប់រំ យុវជន និងកីឡា ដោយបង្ហាញឱ្យឃើញពីចំណុចខ្លាំង-ចំណុចខ្សោយ ដំណោះស្រាយ-សំណូមពរ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មីទៅលើគ្រប់អនុវិស័យគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ រួមនឹងដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនផងដែរ។ ការពិភាក្សាពេញអង្គលើ អនុវិស័យទាំង ៦ ពិតជាបានរកឃើញនូវចំណុចខ្វះខាត វិធានការដោះស្រាយ និងការលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២១-២០២២ ពិតជាសមស្របតាមកាលៈទេសៈនៃបម្រែបម្រួលសង្គម ពិសេសបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយសារបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើបច្ចេកវិទ្យាទំនើប ដោយស្ថិតនៅក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៦នេះ។ដូច្នេះខ្ញុំសូមឯកភាពទាំងស្រុង លើការសម្រេចចិត្តរបស់អង្គសន្និបាត។
អង្គសន្និបាតទាំងមូលជាទីមេត្រី! រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះទាំងការរៀបចំផែនការហិរញ្ញប្បទាន និងយុទ្ធសាស្ត្រនយោបាយ សុទ្ធតែផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ជាមួយគ្នានេះដែរ ខ្ញុំក៏បានដឹងដែរថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកមានការប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញដោយធនធានមនុស្សពេញលេញ ឈានទៅអភិវឌ្ឍប្រទេសឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ និងលើឆាកអន្តរជាតិ សំដៅដល់គុណភាពអប់រំតែម្ដង ហើយអាណត្តិនេះទៀតសោត លោកបានដាក់ឈ្មោះឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗ ត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលខាងលើនោះទេ។ លោក លោកស្រីជ្រាបហើយថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក កំពុងជំរុញលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងយកចិត្តទុកដាក់បំផុត។បន្ថែមពីលើនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ គណៈអភិបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក៏បានយកចិត្តទុកដាក់ និងផ្ដល់អាទិភាព ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា ដោយបានជម្រុញឱ្យមានការចូលរួមគ្រប់ចលនា សកម្មភាពរបស់ វិស័យអប់រំ គ្រប់មូលដ្ឋាន។ ពិសេសនៅពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ដើម្បីឱ្យមានការទទួលខុសត្រូវរួមគ្នាលើវិស័យអប់រំ យុវជន និងកីឡាបន្ថែមទៀត យើងបានរៀបចំយន្តការឱ្យមានគ្រប់សមាសភាពពាក់ព័ន្ធ បានចូលរួមតាមរយៈ ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ វិស័យអប់រំថ្នាក់ក្រោមជាតិ (Join Technical Working Group) គណៈកម្មាធិការអប់រំសម្រាប់ទាំងអស់គ្នា គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការបន្សីសកម្មភាពអាទិភាពចូលទៅក្នុងផែនការអភិវឌ្ឍខេត្តរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការធ្វើសមាហរណកម្មចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ឃុំ សង្កាត់ ក្រុង ស្រុក ជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ជាការពិតណាស់បើយើងបង្កើនការទទួលខុសត្រូវ កាន់តែខ្ពស់ជាងមុន នោះសមត្ថភាពផ្ដល់សេវាអប់រំ ក៏កាន់តែទូលំទូលាយ និងមានគុណភាពខ្ពស់ដែរ ដូចដែលលោក លោកស្រី និងអង្គសន្និបាតទាំងមូលពិភាក្សារួចហើយ។ ការបង្កើនស្មារតីទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់លើការងារផ្អែកលើលទ្ធផលនៅគ្រប់កម្រិតថ្នាក់ គឺជាគោលការណ៍ គន្លឹះនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់យើង ដែលជាមធ្យោបាយដ៏ល្អបំផុតនៃការបង្កើនស្មារតីធ្វើការងារជាមួយគ្នា ដោយសុខដុមរមនា ដើម្បីការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែប្រសើរឡើង៕

ថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ June 20, 2022

អត្ថបទទាក់ទង