លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលTablets ជូនឃុំ សង្កាត់ទូទាំងខេត្តកោះកុង សម្រាប់អនុវត្តកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកំណត់អត្តសញ្ញាណជនក្រីក្រតាមការស្នើសូម នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានស្នើសូមក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទទួលបន្ទុកទាំងអស់ ផ្សព្វផ្សាយណែនាំដល់ក្រុមគោលដៅ ដែលត្រូវទទួលផលឲ្យបានទូលំទូលាយ និងប្រើប្រាស់ឧបករណ៍សម្ភារៈដែលបានផ្តល់ជូនឲ្យចំគោដៅ ផ្តល់ទិន្នន័យឲ្យបានច្បាស់លាស់។ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកក្នុងការរួម ចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ឃុំ សង្កាត់ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសខាងលើនេះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ទទួលបានភាពសប្បាយរីករាយ៕