រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សួន ពៅ ជាជនពិការ ទទួលបានគ្រឿងឧបភោគបរិភោគ និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តសាខា សហការជាមួយ មន្ត្រីប្រចាំការអនុសាខាក្រុង អាជ្ញាធរសង្កាត់ស្ទឹងវែង បានចុះសួរសុខទុក្ខ ពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជាមួយនឹងការរៀនរស់តាមបែបគន្លងថ្មីក្នុងបរិបទកូវីដ១៩ និងនាំអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនដល់លោកស្រី សួន ពៅ អាយុ៥០ឆ្នាំ ជាជនពិការ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសនោះក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលផ្តល់អនុសាខាប្រគល់ជូនទទួលបាន៖ អង្ករ ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ទឹកត្រី២ដប អាវយឺត២ ព្រមទាំថវិកា ៨០,០០០ រៀល ដោយឡែកលោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង ឧបត្ថម្ភថវិកាបន្ថែម៥០,០០០រៀលផងដែរ។

អត្ថបទទាក់ទង