រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះស្រាវជ្រាវករណី ប្រជាពលរដ្ឋឈ្មោះ យ៉ាន់ ទ្រី ចោទអាជ្ញាធរឃុំជ្រោយប្រស់ ថា យកដីរបស់គាត់ទៅលក់

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះស្រាវជ្រាវ ករណី ឈ្មោះ យ៉ាន់ ទ្រី ចោទអាជ្ញាធរជុំជ្រោយប្រស់ ថា យកដីរបស់គាត់ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ទៅលក់។ តាមរយៈការចុះស្រាវជ្រាវដោយពិនិត្យឯកសារ និងការចុះពិនិត្យទីតាំងដីផ្ទាល់ ទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការពិនិត្យលើឯកសារ
-តាមការពិនិត្យលើឯកសាររបស់ឈ្មោះ យ៉ាន់ ទ្រី ឃើញថា ភាគីដែលទិញដីពីឈ្មោះ ឃួន សុខ មានឈ្មោះ ទ្រី ផាន់វន្នី ប៉ុន្តែនៅក្នុងលិខិតស្នើសូមកាន់កាប់ប្រើប្រាស់ដី ឈ្មោះ ផាត់ ផាន់នី ជាអ្នកស្នើសូមទៅវិញ
-ការពិនិត្យលើផែនទីដែលក្រុមការងារស្រុកកោះកុង បានវាស់វែងតាមការចង្អុលបង្ហាញទីតាំងដីរបស់ឈ្មោះ យ៉ាន់ ទ្រី និងការអះអាងរបស់ប្រជាពលរដ្ឋ ឃើញថា ទីតាំងដីនេះត្រួតលើដីរបស់អ្នកដទៃចំនួន ៤ម្ចាស់ដូចខាងក្រោម៖
•ឈ្មោះ កែវ សុគៀង ទំហំ ១១ ៧៦៩ម៉ែត្រការ៉េ (មានលិខិតកាន់កាប់បញ្ជាក់ដោយមេឃុំជ្រោយប្រស់ ឆ្នាំ២០០៦)
•ឈ្មោះ ផាន់ ម៉ាប់ ទំហំ ៨ ៣៥៥ម៉ែត្រការ៉េ (មានលិខិតបញ្ជាក់ដោយមេឃុំជ្រោយប្រស់ ឆ្នាំ២០០៦)
•ឈ្មោះ ប្រាក់ សំអឿន ទំហំ ៦ ៨២១ម៉ែត្រការ៉េ (មិនមានលិខិតបញ្ជាក់ ប៉ុន្តែគាត់អះអាងថា បានកាន់កាប់ប្រើប្រាស់អាស្រ័យផលយូរមកហើយ)
•ទីតាំងដីដែលឈ្មោះ យ៉ាន់ ទ្រី ចង្អុលបង្ហាញព្រំដី ហើយមិនជាន់នឹងដីរបស់អ្នកដទៃ មានទំហំ ១៦ ៦៩៩ ម៉ែត្រការ៉េ ដែលទីតាំងដីនេះ អាចជារបស់ឈ្មោះ យ៉ាន់ ទ្រី
-ក្នុងទីតាំងដីទាំងមូលដែលឈ្មោះ យ៉ាន់ ទ្រី ចង្អុលបង្ហាញ មានអាងទឹកស្អាតសហគមន៍មួយដែលសាងសង់ដោយឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ដែលទីតាំងដីនេះមានទំហំសរុប ១ ៣៣៥ម៉ែត្រការ៉េ ហើយទីតាំងដីនេះ បានមកពីការរួមគា្នបរិច្ចាកពីឈ្មោះ កែវ សុគៀង និង ឈ្មោះ ផាន់ ម៉ាប់។
២. សន្និដ្ឋាន
លោក ពុំ ធឿន មិនមានពាក់ព័ន្ធនឹងការយកដីទៅលក់ ដូចការចោទរបស់ឈ្មោះ យ៉ាន់ ទ្រី ទេ ព្រោះរកមិនឃើញមានឯកសារ ឬភស្តុតាងណាបញ្ជាក់ថា ឈ្មោះ ពុំ ធឿន យកដីរបស់ឈ្មោះ យ៉ាន់ ទ្រី ទៅលក់ឡើយ។
៣. ការសម្រេចរបស់អង្គប្រជុំ
-ទីតាំងដី អាងទឹកស្អាតសហគមន៍ សាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទ គឺត្រូវរក្សាទុកនៅដដែល ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម
-បុគ្គលឈ្មោះ យ៉ាន់ ទ្រី ត្រូវបង្ហាញឯកសារគតិយុត្តដែលបញ្ជាក់ថា ឈ្មោះ ទ្រី ផាន់វន្នី និងឈ្មោះ ផាត់ ផាន់នី ជាបុគ្គលតែម្នាក់ និងត្រូវជាប្រពន្ធរបស់ខ្លួន ដើម្បីអាជ្ញាធរមានមូលដ្ឋានក្នុងការប្រគល់ទីទំហំ ១៦ ៦៩៩ម៉ែត្រការ៉េ ជូនគាត់។
-ដីទំហំ ១១ ៧៦៩ម៉ែត្រការ៉េ ជារបស់ឈ្មោះ កែវ សុគៀង (មានលិខិតកាន់កាប់បញ្ជាក់ដោយមេឃុំជ្រោយប្រស់ ឆ្នាំ២០០៦)
-ដីទំហំ ៨ ៣៥៥ម៉ែត្រការ៉េ ជារបស់ឈ្មោះ ផាន់ ម៉ាប់ (មានលិខិតបញ្ជាក់ដោយមេឃុំជ្រោយប្រស់ ឆ្នាំ២០០៦)
-ដីទំហំ ៦ ៨២១ម៉ែត្រការ៉េ ជារបស់ឈ្មោះ ប្រាក់ សំអឿន (មិនមានលិខិតបញ្ជាក់ ប៉ុន្តែគាត់អះអាងថា បានកាន់កាប់ប្រើប្រាស់អាស្រ័យផលយូរមកហើយ)៕

ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ May 4, 2022

អត្ថបទទាក់ទង