រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់ទទួលនាវាល្បាត ក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប នៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់ទទួលនាវាល្បាត ក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប នៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម វង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ លោកជំទាវ ខាមិន ម៉ូរ៉េនណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបប្រចាំនៅកម្ពុជានិងសហការី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញចុះមកខេត្តកោះកុងដើម្បីប្រគល់-ទទួលនាវាល្បាត និងទម្លាក់ប្រអប់បេតុងជម្រកសិប្បនិម្មិត ដែលបាននិងកំពុងរៀបចំកម្មវិធីនាពេលនេះ។ ឆ្លៀតឱកាសនេះ នាងខ្ញុំសូមគោរពរាយការណ៍ ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈបតិភូ បានជ្រាបដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ ដូចតទៅ ខេត្តកោះកុង ជាខេត្តមួយស្ថិតនៅភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ២៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកោះកុងមានផ្ទៃដីសរុបចំនួន ១០,០៤៥.៥៨ គ.ម២ (ដប់ពាន់ សូន្យសែបប្រាំរយ ក្បៀស ហាសិបប្រាំបីគីឡូម៉ែត្រការេ) មានព្រំប្រទល់ ខាងកើតជាប់នឹងខេត្តព្រះ សីហនុ និងខេត្តកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រ នៃព្រះរាជាណាចក្រថៃឡង់ដ៏ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។

ខេត្តកោះកុង មានក្រុងចំនួន០១ មាន០៣សង្កាត់ ស្រុកចំនួន០៦ មាន២៦ឃុំ និងមាន ១១៩ភូមិ ប្រជាពលរដ្ឋសរុបមានចំនួន ១៣៦,៦៧៥នាក់ (មួយរយសាបសិបប្រាំមួយពាន់ ប្រាំមួយ ចិតសិបប្រាំនាក់ ស្រី ៦៧,៨៤៦នាក់ (ហុកសិបប្រាំពីរពាន់ប្រាំបីរយសែសិបប្រាំមួយនាក់) ស្មើនឹង ២៩,៨៩៤គ្រួសារ (ម្ភៃប្រាំបួនពាន់ប្រាំបីរយ កៅសិបបួន គ្រួសារ)។ មុខរបរសំខាន់ៗ របស់ប្រជាពលរដ្ឋគឺ ធ្វើនេសាទ ធ្វើជំនួញ ធ្វើស្រែចំការ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មកររោងចក្រ។ ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ក្នុងខេត្តកោះកុងទាំងមូល សូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្តី ដែលបានប្រគល់នាវាល្បាត ក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH Capture ជូនដល់សហគមន៍នេសាទ ឃុំពាមក្រសោប ឃុំជ្រោយប្រស់ និងសហគមន៍នេសាទឃុំព្រែកខ្សាច់ ដើម្បីទុកប្រើប្រាស់ និងល្បាតការពារធនធានធម្មជាតិ ព្រមទាំងទម្លាក់ប្រអប់បេតុងជាជម្រកសិប្បនិម្មិត សម្រាប់វារីសត្វនិងជួយទប់ស្កាត់ការនេសាទខុសច្បាប់។ នាងខ្ញុំសូមស្នើដល់សហគមន៍នេសាទទាំង៣ ដែលបានទទួលនាវាល្បាតនាថ្ងៃនេះ សូមប្រើប្រាស់នាវាល្បាតទាំងនេះឱ្យបានត្រឹមត្រូវស្របតាមបច្ចេកទេស និងខិតខំចេញល្បាតដើម្បីការពារបទល្មើស និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ នាងខ្ញុំសូមស្មើឱ្យអាជ្ញាធរមូលដ្ឋានសហគមន៍នេសាទ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការគ្នាដើម្បីទប់ស្កាត់បទល្មើសនេសាទទាំងឡាយ ដូចជា ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ការនេសាទនៅក្នុងតំបន់ហាមឃាត់។ល។ ដើម្បីការពារធនធានធម្មជាតិដ៏មានសារៈសំខាន់របស់យើងឱ្យបានល្អប្រសើរ និងបានគង់វង្ស។ នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ខាមិន ម៉ូរ៉េនណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលបានផ្ដល់នាវាល្បាតទាំងនេះ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបដល់សហគមន៍នេសាទ ក្នុងគោលបំណងប្រើប្រាស់ ចេញល្បាតទប់ស្កាត់បទល្មើស និងការពារធនធានធម្មជាតិ។

ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាងខ្ញុំត្រៀមលក្ខណៈ គ្រប់ពេលវេលាក្នុងការសហការ សម្របសម្រួល និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការចូលរួមជាមួយ អស់លោក លោកស្រីដែលជាសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ សំដៅរួមគ្នាកាត់បន្ថយបទល្មើសឱ្យ បានជាអតិប្បរមា។ ជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្រ្តីនិងលោកជំទាវ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ គណៈប្រតិភូ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ និងគណៈប្រតិភូទាំងអស់ សូម ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរជ័យទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ May 4, 2022

អត្ថបទទាក់ទង