រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន យ៉ូញៀន ឌីវែលឡុបមែន គ្រុប ខូអិលធីឌី និងក្រុមហ៊ុន ឡុង បេយ៍ អ៉ីនធើថែនមែន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណ:

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត ដឹកនាំប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន យ៉ូញៀន ឌីវែលឡុបមែន គ្រុប ខូអិលធីឌី (The Union Development Group Co,.Ltd.) និងក្រុមហ៊ុន ឡុង បេយ៍ អ៉ីនធើថែនមែន (Long Bay Entertainment) អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណ:។ ក្នុងកិច្ចប្រជុំ របៀបវារ:ចំនួន ០២ ត្រូវបានលើកយកមកពិភាក្សា រួមមាន÷
-ការត្រៀមកិច្ចការពារសន្តិសុខ និងសុវត្ថិភាព វិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន
-ការត្រៀមបង្ការ ទប់ស្កាត់បទល្មើសនានាជាយថាហេតុ

ជាលទ្ធផល ភាគីក្រុមហ៊ុន បានសំដែងនូវសេចក្តីអំណរសាទរចំពោះចំណាត់ការរបស់រដ្ឋបាលខេត្ត និងរីករាយផ្តល់កិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណ: ដោយសារការកើនឡើងនូវ កំណើនវិនិយោគិន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទន្ទឹមនឹងការបើកឲ្យដំណើរការជាផ្លូវការនូវអាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ បណ្ឌិតអភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដល់សមាសភាពពាក់ព័ន្ធ ត្រៀមផ្តល់កិច្ចសហការឲ្យបានល្អប្រសើរ ឈរលើស្មារតីចូលរួម ចែករំលែកព័ត៌មាន និងទទួលខុសត្រូវ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ April 26, 2022

អត្ថបទទាក់ទង