រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នុត​ សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នុត​ សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​ ក្នុងវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ តាងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយ និងកិត្តិយសក្រៃលែង ដែលបានចូលរួមជាគណៈអធិបតី ក្នុងវគ្គអប់រំផ្សព្វផ្សាយ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការ ជាតិប្រឆាំងទារុណកម្ម ដែលប្រារព្ធធ្វើឡើងក្នុងខេត្តកោះកុង នាពេលនេះ។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកោះកុង និងក្នុងនាម រូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត​ សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានផ្ដល់កិត្តិយសអញ្ជើញ ជាអធិតីក្នុងវគ្គអប់រំផ្សព្វផ្សាយ ដ៏មានសារសំខាន់នេះ។
ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ចំពោះវត្តមាន ក្រុមការងារថ្នាក់ជាតិ និងសិក្ខាកាម ជាមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានញ្ជើញចូលរួមក្នុងវគ្គអប់រំផ្សព្វផ្សាយ នាពេលនេះ។ វត្តមានរបស់ ឯកឧត្តម លោក លោកស្រី ពិតជាបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ឆ្ពោះទៅកាន់គោលដៅ រួមតែមួយគឺ ដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់មនុស្សជាតិ។ ជាការពិតណាស់ វគ្គអប់រំផ្សព្វផ្សាយនាព្រឹកនេះ នឹងផ្តល់ឱ្យ លោក លោកស្រី ដែលជាសិក្ខាកាម មានការយល់ដឹងកាន់តែច្បាស់អំពី "លិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម” ដែលជាកត្តាមួយយ៉ាងសំខាន់ ក្នុងការអនុ វត្តការងារ កាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។ គោលបំណង នៃវគ្គអប់រំផ្សព្វផ្សាយនាព្រឹកនេះ គឺដើម្បីពង្រឹងសមត្ថភាព និងផ្សព្វផ្សាយបន្តអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការ ជាតិប្រឆាំងទារុណកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា លោក លោកស្រី នឹងយកអស់ស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ក្នុងអំឡុងពេលនៃវគ្គអប់រំផ្សព្វផ្សាយនេះ ព្រមទាំងពិភាក្សាលើប្រធានបទនានាដែលមាន ដើម្បីទទួលយកនូវចំណេះដឹងថ្មីៗ និងដំណោះស្រាយ ល្អៗ ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងរក្សាបាននូវសុខសន្តិភាពរបស់ប្រជាពលរដ្ឋស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រីទាំងអស់ ចូលរួមសកម្មក្នុងវគ្គអប់រំផ្សព្វផ្សាយ និងសូមជូនពរឱ្យវគ្គអប់រំផ្សព្វផ្សាយនេះ ទទួលបានជោគជ័យ និងផ្លែផ្កា តាមការគ្រោងទុក៕
ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ April 26, 2022

អត្ថបទទាក់ទង