រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យសង្គម សម្រាប់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យសង្គម សម្រាប់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ។

លោកអភិបាលរងខេត្ត បានលើកឡើងថា មន្ត្រីបង្គោលការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង-ស្រុក តំណាងអង្គការដៃគូអនុវត្ត និងលោក លោកស្រីទាំងអស់ ដោយសង្ខេបអំពី ទិដ្ឋភាពរួមគណនេយ្យភាពសង្គម ដូចតទៅ៖ គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន។ ដោយយល់ឃើញពីសារៈសំខាន់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានអនុម័តកាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវដល់តួអង្គអនុវត្តទាំងអស់(ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ) ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ បន្ទាប់ពីបានអនុម័តផែនការយុទ្ធសាស្រ្តរួចមក គ.ជ.អ.ប បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបានរៀបចំជាឯកសារផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី១ សម្រាប់អនុវត្តរយៈពេល០៣ឆ្នាំ (២០១៦-២០១៨) បានផ្តោតទៅលើសមាសភាគសំខាន់ៗចំនួន៤រួមមាន៖
ទី១). ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា
ទី២). ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
ទី៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព
និង ទី៤). ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។

យន្តការនៃការអនុវត្ត ផែនការអនុវត្តគណនេយ្យភាពសង្គម គឺយើងមានពីរផ្នែក គឺ ផ្នែកទី១ យើងហៅថា ផ្នែកផ្គត់ផ្គង់ (ដែលផ្នែកនេះគឺសំដៅទៅលើ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជាមួយគឺជាតួអង្គផ្នែករដ្ឋ) ផ្នែកទី២យើងហៅថា ផ្នែកតម្រូវការ (ដែលផ្នែកនេះ គឺសំដៅទៅលើប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល និយាយឱ្យស្រួលយល់គឺ ជាតួអង្គមិនមែនរដ្ឋ)។ ឬយើងអាចនិយាយបានម្យ៉ាងទៀតថា គណនេយ្យសង្គម គឺ ជាដំណើការនៃការផ្សារភ្ជាប់ទំនាក់ទំនងល្អប្រសើរ រវាងប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយដែលបន្ស៊ីរវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ(អ្នកផ្តល់សេវា) និងប្រជាពលរដ្ឋ(អ្នកប្រើប្រាស់សេវា) គឺ សំដៅគាំទ្រដល់ អ្នកផ្តល់សេវាសាធារណៈឱ្យបំពេញការងាររបស់ខ្លួនបានល្អប្រសើរជាងមុន។ ជាពិសោធន៍កន្លងមក ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី១ បានបង្ហាញថា ឧបករណ៍គណនេយ្យភាពសង្គមនានា ដូចជាប័ណ្ណដាក់ពិន្ទុ ដោយសហគមន៍ បានជួយជម្រុញឱ្យមានការគោរពគ្នា និងការចូលរួមរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានភាពល្អប្រសើរ។
ដោយឡែកផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី២ ដោយគិតពីឆ្នាំ២០១៩-២០២៣ មានសមាសភាគសំខាន់ៗចំនួន៥រួមមាន៖
ទី១). តម្លាភាព ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា
ទី២). ការត្រួតពិនិត្យ តាមដានដោយប្រជាពលរដ្ឋ
ទី៣). ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម
ទី៤). ការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព និងការទំនាក់ទំនង និង
ទី៥). ការគ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។
ផ.អ.គ.ស ដំណាក់កាលទី២ នៅតែបន្តលើកកម្ពស់ ពង្រឹងសកម្មភាពដែលបានអនុវត្តនៅដំណាក់កាលទី១ និងពង្រីកតំបន់គោលដៅនៃរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាពនៅទូទាំងប្រទេស ព្រមទាំងពង្រីកវិសាលភាពតំបន់គោលដៅ និងសេវាផ្សេងៗ នៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ថែមទាំងកែលម្អនូវ វិធីសាស្រ្តអនុវត្ត ផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធផលថ្មីនៃផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២។ លើសពីនេះទៅទៀត ផែនការអនុវត្តការងារគណនេយ្យភាពសង្គម នឹងពង្រីកវិសាលភាពគ្របដណ្តប់លើសេវាមន្ទីរពេទ្យបង្អែក អនុវិទ្យាល័យ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សេវាគ្រប់គ្រងសំរាម និងកាកសំណល់រឹងទីប្រជុំជន និងមានសេវាផ្សេងៗទៀត និងត្រូវរួមមបញ្ចូលការលើកកម្ពស់សមធ៌មសង្គម និងបរិយាប័ន្នដោយជ្រើសរើសក្រុមជនងាយរងគ្រោះនានាធ្វើជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ផងដែរ។ ផ្អែកតាមផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២នេះ ខេត្តកោះកុងបានពង្រីកវិសាលភាពតំបន់គោលដៅបន្ថែមចំនួន០២ទៀត ពោលគឺ ក្រុង ស្រុក ទាំងអស់នៃខេត្តកោះកុងក្លាយជាតំបន់គោលដៅដែលអនុវត្តការងារគណនេយ្យភាពសង្គម ហើយដែលយើងក៏មានអង្គការចំនួន០៣ ដែលត្រូវមកសហការគ្នា ដើម្បីអនុវត្តការងារនេះ ក្នុងនោះរួមមាន អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព អង្គការសម្ព័ន្ធសុខភាពនិងអភិវឌ្ឍន៍អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ ដោយបានផ្តោតទៅលើ សេវារដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព៕

ថ្ងៃចន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២April 4, 2022

អត្ថបទទាក់ទង