លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ថ្លែងផ្តាំផ្ញើ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរនៃសន្និបាតបូកសរុបការងារឆ្នាំ២០២២១ និងទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តកោះកុង ស្របតាមរបៀបវារៈនៃកម្មវិធីដែលបានគ្រោងទុក។ ផ្អែកតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត របាយការណ៍ស្តីពី ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព និងរបាយការណ៍ បូកសរុប វាយតម្លៃលទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ រួមទាំងយន្តការគាំទ្រដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបូកសរុបលទ្ធផល នៃការពិភាក្សារបស់ក្រុមពិភាក្សានីមួយៗ នាងខ្ញុំសូមផ្តល់នូវការណែនាំ អំពីគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីយកទៅអនុវត្តនៅក្នុងឆ្នាំ២០២២ដូចខាងក្រោម៖
១. អំពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម : ជារួមក្នុងឆ្នាំ២០២១កន្លងទៅនេះ ទោះបីជាស្ថានភាពនៃជំងឺកូវីដ-១៩ មានការរាលដាលយ៉ាងណាក្តី ក៏កម្លាំងនគរបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បានរួមគ្នាខិតខំ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ និងធ្វើឱ្យបទល្មើសជាទូទៅមានការថយចុះគួរឱ្យកត់សម្គាល់។ ផ្អែកលើលទ្ធផលនេះ ខ្ញុំសូមសរសើរ និងជំរុញលើកទឹកចិត្តដល់កងកម្លាំង អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបន្តខិតខំសហការ រួមគ្នា សម្រេចឱ្យបានស្នាដៃ និងសមិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ក្នុងនោះខ្ញុំសូមផ្តល់នូវអនុសាសន៍លើកិច្ចការជាអាទិភាព និងវិធានការដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
• បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងរបៀបរៀបរយនៅក្នុងខេត្ត ឱ្យបានកាន់តែល្អប្រសើរឡើង សំដៅធានាបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
• បង្កើនការគ្រប់គ្រងសភាពការនៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពអុចអាល បំផុសបំផុល ញោះញ៉ុង ប៉ុនប៉ងបង្ករឱ្យមានចលាចលវឹកវរ ក្នុងខេត្ត ក៏ដូចក្នុងសង្គម។ ត្រូវខិតខំសហការសម្របសម្រួលដោះស្រាយទំនាស់ និងសកម្មភាពទាមទារ តវ៉ា នានា នៅមូលដ្ឋានដោយសន្តិវិធី និងខិតខំបញ្ជៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព។
• កងកម្លាំងទាំងអស់ ត្រូវបន្តសហការគ្នា ដើម្បីបង្កើនការគ្រប់គ្រងព្រំដែន ថែរក្សាការពារបូរណៈភាពទឹកដី បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន បង្ការទប់ស្កាត់បង្រ្កាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព នូវបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងខិតខំពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៃខេត្តជាប់ព្រំដែន ដើម្បីគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន និងបន្តខិតខំជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន
• ជាមួយគ្នានេះខ្ញុំសូមឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចគាំទ្រ និងសហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដើម្បីចាត់ចែងអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវ និងធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌
• អំពីបញ្ហាគ្រឿងញៀនខុសច្បាប់៖ ទាក់ទងនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាស្មុគស្មាញនេះ ខ្ញុំសូមស្នើឱ្យមានការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវកិច្ចការនេះដូចខាងក្រោម៖
- ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហការជាមួយស្ថាប័ន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដោយដើរទន្ទឹមនឹងការខិតខំ ចលនាឱ្យមានការចូលរួមកាន់តែទូលំទូលាយ និងកាន់តែសកម្ម ពី ប្រជាពលរដ្ឋទាំងមូល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ និងគ្រោះថ្នាក់បំផុត
- ត្រូវខិតខំពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការស្រាវជ្រាវបង្រ្កាបគ្រឿងញៀនខុសច្បាប់ ឱ្យបានទាន់ការវិវត្តប្រែប្រួលបច្ចេកវិទ្យាផលិត សកម្មភាពចរាចរណ៍ជួញដូរ និងការប្រើប្រាស់
- ត្រូវបង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់ ហើយត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលាសំដៅគ្រប់គ្រង និងកាត់ផ្តាច់ចរន្ត នៃការជួញដូរ និងប្រើប្រាស់
- ទន្ទឹមនឹងនេះ កន្លងមកកងកម្លាំងមានសមត្ថកិច្ចរបស់យើង ក៏បានបង្រ្កាបបានចំនួន៤៩ករណីផងដែរ ហើយឃាត់ខ្លួនបានចំនួន១០៨នាក់ ដែលក្នុងនោះយើងបង្ក្រាបបានករណី ធំៗចំនួន០២ គឺ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទអាយស៍(ICE)ចំនួន២៣០.៥២ក្រាម និងប្រភេទ(W Y) ចំនួន៤២៨គ្រាប់ និងមធ្យោបាយសម្ភារមួយចំនួន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងប្រភេទ ហេរ៉ូអ៊ីន ចំនួន ២១២.០៤ គីឡូក្រាម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
- ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ខ្ញុំសូមឆ្លៀតយកឱកាសក្នុងសន្និបាតនាពេលនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវចៀសវាងឱ្យឆ្ងាយកុំមានការពាក់ព័ន្ធនឹងគ្រឿងញៀនឱ្យសោះ។
• អំពីគ្រោះថ្នាក់ចរាចរណ៍៖
ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងខេត្ត និង ផ្អាកការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ យើងកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ គួរឱ្យកត់សម្គាល់ ។ប៉ុន្តែចាប់ពីការបើកឱ្យដំណើរការឡើងវិញ យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង បង្កឱ្យមានមនុស្សស្លាប់ និងរបួសជារឿយៗ។ ហេតុនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសាធារណៈការខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវរួមសហការគ្នាអនុវត្តដូចខាងក្រោម៖ - ត្រូវចាត់វិធានការ និងពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានតឹងរ៉ឹង ម៉ឺងម៉ាត់។
- ត្រូវធ្វើការផ្សព្វផ្សាយដល់សាធារណៈជន អំពី ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ វិធានការនានា អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹង និងគោរពអនុវត្តច្បាប់ទាំងអស់គ្នា
- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ រដ្ឋបាលស្រុក មន្ទីរសាធារណៈការ ស្នងការដ្ឋានខេត្ត ត្រូវសហការបង្កើនការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការចតយាន្តយន្ត ការលក់ដូរ នៅផ្សារដងទង់ និងផ្សារនានា ការរៀបចំពិធីនានាតាមដងផ្លូវ និងតាមចិញ្ជើមផ្លូវសាធារណៈ ទីក្រុង ទីប្រជុំជននានាដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ សំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ត្រូវយកចិត្តទុកដាក់ផងដែរ ពិនិត្យ និងរៀបចំឡើងវិញនូវផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗដែលប៉ះពាល់ដីចំណីផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ។
- ត្រូវពិនិត្យវាយតម្លៃឡើងវិញនូវកងកម្លាំងនគរបាលចរាចរណ៍ ដើម្បីកំណត់នូវតម្រូវការ នៃការបណ្តុះបណ្តាលសមត្ថភាព តម្រូវការក្របខ័ណ្ឌ និងការបំពាក់ឧបករណ៍សម្ភារ មធ្យោបាយ សម្រាប់បំពេញការងារឱ្យបានសមស្រប និងមានប្រសិទ្ធភាព ។
ត្រូវខិតខំសហការគ្នា ដើម្បីពន្លឿនការដោះស្រាយដោយយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លី ដែលកំពុងកាន់កាប់ ដើម្បីរៀបចំតាមនីតិវិធី ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។
យើងត្រូវខិតខំបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។ ទន្ទឹមនេះ អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯកសារទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ។
អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សហការរៀបចំកំណត់តំបន់ បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។
អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់ចូលរួមសហការក្នុងការការពារធនធានធម្មជាតិឱ្យបានគង់វង្ស។
អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យតាមដានវិវាទដីធ្លី និងពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័ស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ លំបាកដោះស្រាយ ហើយត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាពក្នុងការដោះស្រាយវិវាទទាំងនោះ។
ទាំងនេះ គឺជាគោលការណ៍ និងវិធានការសំខាន់មួយចំនួនដែលខ្ញុំសូមគូសបញ្ជាក់ ជូនអង្គសន្និបាតទាំងមូល សម្រាប់យកទៅអនុវត្តនៅក្នុងឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះ បញ្ហាប្រឈមដទៃទៀត និងដំណោះស្រាយនានាដែលបានលើកឡើងដោយក្រុមពិភាក្សានីមួយៗ គណៈអភិបាលខេត្ត នឹងពិនិត្យចាត់អាទិភាពយកមកដោះស្រាយជាបន្តបន្ទាប់ៗទៅតាមច្បាប់ គោលការណ៍ និងនីតិវិធី ដែលកំពុងមានជាធរមាន។
ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួមផ្តល់នូវធាតុចូលដ៏មានតម្លៃរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ទៅលើប្រធានបទទាំង០២ សម្រាប់ការពិភាក្សា ហើយនាងខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំលើការប្តេជ្ញាចិត្ត និងការចូលរួមក្នុងការអនុវត្តសម្រេចបានជោគជ័យនូវទិសដៅការងាររបស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០២២នេះ៕
ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ March 14, 2022
• អំពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៖
កាលពីដើមឆ្នាំ២០២១ រាជរដ្ឋាភិបាលសម្រេដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានលក្ខណៈសម្បត្តិ៍០៧ចំណុចដូចខាងក្រោម៖
ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
ទី៦៖ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។
ទី៧៖ ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាច សាហាវប្រកបដោយប្រសិទ្ធភាព។
ផ្អែកលើលក្ខណៈសម្បត្តិទាំង០៧ចំណុចខាងលើនេះ ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖
- គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវរៀបចំផែនការ និងវិធានការជាក់ស្តែង ដើម្បីអនុវត្តគោលនយោបាយនេះ ឱ្យបានល្អប្រសើរ
- ត្រូវបន្តជំរុញចលនាឱ្យមានការគាំទ្រចូលរួមផុលផុសពីសហគមន៍ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឃុំ សង្កាត់ ភូមិនីមួយៗ ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន
- ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តពង្រឹងអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីជួយគាំទ្រតាមដានជាប្រចាំ និងជួយធ្វើអន្តរាគមន៍ដោយផ្ទាល់ដល់ការងារប៉ុស្តិនគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងក្នុងការអនុវត្តគោលនយោបាយ និងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន
- ចំពោះការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន៖ រដ្ឋបាលក្រុង ស្រុក មន្ទីរបរិស្ថាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ចាំបាច់ត្រូវបន្តពង្រឹងការអនុវត្តបន្ថែមទៀត និងត្រូវស្វែងរកទីលានចាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមក្រុង ស្រុក និងឃុំ សង្កាត់ ដោយចៀសវាងនូវការបោះចោលសំរាមនៅតាមទីសាធារណៈនានា ដែលបង្កឱ្យមានការប៉ះពាល់សោភ័ណ្ឌភាព និងអនាម័យនៅក្នុងខេត្ត។
២. អំពីការពង្រឹងរបៀបរបបប្រសិទ្ធភាពការងារ
ពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំស្នើឱ្យរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងមន្ទីរអង្គភាព ត្រូវខិតខំបន្តអនុវត្តការងារឱ្យបានសមស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ឱ្យបានល្អត្រឹមត្រូវ។ រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលឱ្យបានទៀងទាត់ និងត្រូវពង្រឹងសាមគ្គីភាពឱ្យឱ្យបានល្អ និងត្រូវទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធានានូវប្រសិទ្ធការងារឱ្យបានល្អប្រសើរ។
ចំពោះការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ៖ មន្ត្រីនៅតាមអង្គភាព និងយន្តការច្រកចេញ-ចូលតែមួយ ត្រូវបន្តខិតខំផ្តល់សេវានានា ឱ្យបានល្អប្រសើរដើម្បីទទួលបាននូវការជឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។
អំពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ៖ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព និងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ត្រូវ ពង្រឹងការគ្រប់គ្រងបុគ្គលិក ជាពិសេសត្រូវយកចិត្តទុកដាក់លើការតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ឱ្យស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយផ្អែកលើសមិទ្ធកម្ម ឬគុណផលការងារ។
ត្រូវខិតខំរៀបចំឱ្យមានផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរាជការទាំងបែបបទរដ្ឋបាល ច្បាប់ គតិយុត្តិនានា និងប្រព័ន្ធព័ត៌មានវិទ្យាស្របតាមស្ថានភាព នៃការរីកចម្រើនរបស់ប្រទេសជាតិ។
៣. អំពីការងារអញ្ញាណកម្ម
ផ្អែកលើសារៈសំខាន់នៃការងារអត្តសញ្ញាណកម្ម ដែលបច្ចុប្បន្នការចុះបញ្ជី និងការកំណត់អត្តសញ្ញាណបុគ្គលមានតម្រូវការប្រើប្រាស់កាន់តែច្រើនឡើងៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរក្សាសន្តិសុខ និងជាតម្រូវការប្រើប្រាស់ចាំបាច់របស់ប្រជាពលរដ្ឋ ខ្ញុំសូមស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើកកិច្ចការនេះដូចខាងក្រោម៖
- ត្រូវខិតខំផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងមានតម្លាភាព
- ត្រូវបង្កើនការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្រ្តីដែលបំពេញការងារនេះ ដើម្បីលើកកម្ពស់ការផ្តល់សេវាឱ្យកាន់តែឆាប់រហ័ស
- ត្រូវខិតខំលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពី អត្ថប្រយោជន៍ និងតម្លៃ នៃការចុះបញ្ជី ការប្រើប្រាស់ឯកសារអត្រានុកូលដ្ឋន និងឯកសារពាក់ព័ន្ធ អត្តសញ្ញាណ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋម្នាក់ៗ។
៤. អំពីការងារអន្តោប្រវេសន៍
ចំពោះការងារអន្តោប្រវេសន៍នេះ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗដូចខាងក្រោម៖
ស្នងការនគរបាលខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុងខេត្ត ឱ្យបានហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវទុកឱ្យមានជនបរទេសលួចលាក់ស្នាក់នៅមិនស្របច្បាប់ក្នុងខេត្តនោះឡើយ។ ចំពោះជនបរទេសអន្តោប្រវេសន្តដែលបានទទួលស្គាល់តាមផ្លូវច្បាប់រួចហើយ ត្រូវធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ ដើម្បីជំរុញការអនុវត្តឱ្យត្រឹមត្រូវតាមការកំណត់នៃច្បាប់ ជាពិសេសយកចិត្តទុកដាក់ក្ដាប់ឱ្យបាន និងជំរុញជនដែលមិនមកបន្តសុពលភាពប័ណ្ណស្នាក់នៅ និងជនដែលដល់អាយុត្រូវធ្វើប័ណ្ណស្នាក់នៅស្របតាមការកំណត់។ ក្នុងករណីរឹងរូស ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់តាមនីតិវិធីច្បាប់។
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
ត្រូវពិនិត្យ និងតាមដានឱ្យបានច្បាស់លាល់ និងស្របតាមនីតិវិធី នៃការស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។
៥. អំពីការងារពន្ធនាគារ
នៅក្នុងការងារគ្រប់គ្រងពន្ធនាគារ ខ្ញុំសូមផ្តល់នូវការណែនាំអំពីវិធានការសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
ត្រូវខិតខំបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមពន្ធនាគារខេត្ត ឱ្យបានសមស្រប និងមានសុវត្ថិភាព
ចំពោះជនជាប់ឃុំ ដែលធ្លាប់បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រធានអង្គភាពពន្ធនាគារ ត្រូវសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ធ្វើការពិនិត្យ ព្យាបាល និងបង្កើតកម្មវិធីដើម្បីធានាស្តារនីតិសម្បទាដល់ជនជាប់ឃុំទាំងនោះ។
ដើម្បីលើកកម្ពស់ការអប់រំវិជ្ជាជីវៈដល់ទណ្ឌិត ប្រធានអង្គភាពពន្ធនាគារ ត្រូវសិក្សាស្រាវជ្រាវខិតខំបង្កើតឱ្យមានឧស្សាហកម្ម និងកសិ-ឧស្សាហកម្មនៅពន្ធនាគារ។
អង្គភាពពន្ធនាគារ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត។
៦. អំពីការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី
ការងារគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការដែលមានសារៈសំខាន់ចាំបាច់បំផុត។ ក្នុងការអនុវត្តការងារនេះ យើងត្រូវខិតខំយកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖