អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន» …!!
សាខា កក្រក ខេត្តកោះកុង ៖ដេីម្បីចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន» ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ដល់ស្ត្រី នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត អនុប្រធាន តំណាងអោយលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងជាប្រធានប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាសាខា អនុសាខា ក្រុមការងារកាកបាទក្រហមតាមមន្ទីរអង្គភាព មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន និងកុមារចំនួន ៧៧នាក់ មកពីសង្កាត់ចំនួន០៣ ក្នុងក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកម្មវិធី ដែលបានរៀបចំឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ។
ស្ថិតក្នុងឱកាសនោះ ក្នុងនាម សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍សំណេះសំណាល និងបានជម្រាបជូនពីសារបាននៃការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១រៀងមក នាឱកាសដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាន នូវគោរមងារដ៏ឧត្តុង្គឧត្តម ជា ឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរពេទ្យខេត្តកោះកុង បានចែករំលែក ចំណេះដឹងពាក់ព័ន្ធទៅនឹង សារសំខាន់ក្នុងការថែទាំសុខភាព ការពិនិត្យសុខភាពមុនពេលរៀបការ ការពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ ៣ការពារ និង៣កុំ ការបំបៅកូនដោយទឹកដោះម្តាយ ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។ល។ ជូនទៅដល់បងប្អូនស្ត្រីជាមាតាទាំងអស់ផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន បានពាំនាំនូវសារអំពាវនាវទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះ បង-ប្អូនរួមជាតិក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២នេះផងដែរ ។
សូមបញ្ជាក់ថា ស្ត្រីជាមាតាចំនួន ២៥នាក់ ដែលចូលរួមផ្ទាល់ទទួលបានក្នុងម្នាក់ៗ ឮ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ១កេស ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ឃីតកូនង៉ែត១ឈុត ជែលលាងសម្អាតដៃ១ដប ម៉ាស់៥សន្លឹក អាវយឺត២ ប្រេងកូឡា១ដប សាប៊ូដុំ១ដុំ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែកមន្ទីរសុខាភិបាលក៏បានឧបត្ថម្ភទឹកដោះគោ ក្នុងម្នាក់ៗទទួលបាន ១កេសផងដែរ៕