សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យស្រែអំបិល ចំនួន៣៩នាក់
សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំទ្យាល័យស្រែអំបិល ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ចំនួន៣៩នាក់ ស្រី១៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា តំណាងឱ្យ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ញើញចូលរួមពីលោកឧកញ៉ា លឹម បុក ប្រធានកិត្តិយសអនុសាខា លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកក្រក ស្រុកសរុបចំនួន៩៧នាក់ ស្រី៥៤នាក់។
ជាកិច្ចចាប់ផ្តើម លោក ឈួន យ៉ាដា នាយកសាខាបានឡើងធ្វើបទបង្ហាញ ស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ យុវជនកាកបាទក្រហមកម្ពុជាថ្មី ក្នុងគោលបំណង ផ្តល់ការយល់ដឹង អំពី ប្រវត្តិនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម សមាសភាគរបស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ៧ ប្រការ និង បដិរូបសញ្ញា ។ ម្យ៉ាងទៀតក៏ជាការជ្រើស រើសបំពេញបន្ថែមយុវជនកាកបាទក្រហមកម្ពុជា នៅគ្រប់គ្រឹះស្ថានសិក្សា ដែលត្រូវបានបញ្ចប់កាសិក្សានៅតាមវិទ្យាល័យ ហើយការបំពាក់កន្សែងយុវជនកាកបាទក្រហមនាពេលនេះ ក៏ជាការបំពេញបន្ថែមនៅតាមវិទ្យាល័យគោលដៅ របស់សាខាផងដែរ ។
បន្ទាប់ពីត្រូវបានបំពាក់កន្សែងរួចហើយតំណាងយុវជនកាកបាទក្រហម ប្រចាំវិទ្យាល័យស្រែអំបិល បានប្តេជ្ញាចិត្ត ដូចតទៅ៖
១៖ ប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
២៖ ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជា
៣៖ ពង្រឹងចំណងសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងសាលា
មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ កូនៗ យុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជននាឱកាសនោះ ឯកត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន សម្រាប់បំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀតឯកឧត្តម បានថ្លែងនូវការកោតសរសើរនឹងលើកទឹកចិត្តឲ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សូមឲ្យយកចិត្តទុកដាក់ពង្រឹង និងពង្រីកបណ្ដាញយុវជន និងសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជាបន្ថែមទៀត ដូចភ្លៀងរលឹមចាប់តាំងពីពេលនេះទៅមុខ។
ស្ថិតក្នុងបរិយាកាសនេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានរួមមាន៖
១/ បន្តរក្សាសាមគ្គីភាព ឲ្យបានជិតស្និទ្ធ រវាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងប្អូនៗយុវជន កក្រក ឲ្យបានកាន់តែរលូន។
២/ សូមប្អូនៗធ្វើជាសិស្ស និងយុវជនគំរូនៅក្នុងវិទ្យាល័យ និងសហគមន៍ ដើម្បីរួមចំណែក
ក្នុងការអូសទាញសិស្ស យុវជនដទៃទៀត ឲ្យខិតខំរៀនសូត្រ និងធ្វើអំពើល្អឲ្យបានច្រើនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
៣/ សូមជៀសឲ្យឆ្ងាយនូវសកម្មភាពទាំងឡាយណាដែលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម តួយ៉ាងដូចជាការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខ ទប់ស្កាត់នៃការរីករាលដាល និងឈានដល់ការបញ្ចប់មេរោគអេដស៍-ជំងឺអេដស៍…។
៤/ ធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
៥/ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ដូចភ្លៀងរលឹម។
៦/ សូមយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនជាមុន និងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៧/ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៨/ ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នក
ចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស មិត្តភក្តិ និងយុវជនកក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា។
៩/ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ខ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។
ក្នុងកម្មវិធីនោះផងដែរលោកឧកញ៉ា លឹម បុក ប្រធានកិត្តិយសអនុសាខា ស្រុកស្រែអំបិល បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ផងដែរ។