លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមដាំកូនដើមកោងកាង ១,០០០ដើម ជាមួយ សាយ នៅខេត្តកោះកុង។
កម្មវិធីដាំកូនកោងកាង ជាគំនិតផ្តួចផ្តើម របស់ សាយ និងមានការចូលរួមពី តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ក្រុមហ៊ុន ISUZU ដោយមានកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង កូនដើមកោងកាង ទាំង ១,០០០ដើម បានដាំនៅចំណុចមាត់ពាម ពាមក្រសោប និងក្នុងព្រៃកោងកាង។ យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ព្រៃកោងកាងគឺជាព្រៃមួយ ដែលមានប្រយោជន៍ខ្លាំងណាស់ដល់ជីវៈចម្រុះនៅក្នុងទឹកប្រៃ ដែលជា ជម្រករបស់ត្រីសមុទ្រ ក្ដាម បង្គារ លៀស ងាវ មឹក ប្រព័ន្ធអេកូឡូស៊ី និងរក្សាបរិស្ថានសមុទ្រឲ្យមានភាពស្រស់បំព្រង ថែមទាំងទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ នៅក្នុងប្រទេសកម្ពុជា ដើមកោងកាងមានប្រហែល ៣០ ប្រភេទ (ការស្រាវជ្រាវថ្មី) ចំណែកឯ ព្រៃកោងកាងដែលធំជាងគេបំផុតក្នុងប្រទេសយើង គឺស្ថិតនៅក្នុងខេត្តកោះកុង ហើយវាកំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នោះ។
ដើមកោងកាងនេះមានសារៈសំខាន់ណាស់ ដែលដើមកោងការបានផ្តល់ នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថាន ដូចជា៖
១) ដើមកោងកាងជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើនចំណូលដល់ ប្រជាសហគមន៍។
២) ដើមកោងកាងជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្តាម បង្គារជាដើម។
៣) ដើមកោងកាងជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីរលកបក់បោក ជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ ជួយបន្សុទ្ធ ខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន៕
ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល January 10, 2022