នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអនុសាខាកាកបាទកម្ពុជា ស្រុកកោះកុង ស្រុកបូទុមសាគរ បានចូលរួមអមដំណើរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងគ្រោះដោយសារជំងឺអេដស៍ រស់នៅស្រុកកោះកុង និងស្រុកបទុមសាគរ នៃខេត្តកោះកុង។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំង៣គ្រួសារ ជាមួយនឹងការផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា។ ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ហេីយទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ចំនួនដូស ព្រោះថាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយជួយការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលជាជនងាយរងគ្រោះស្រាប់។
គ្រួសារនីមួយៗបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលបានដាស់តឿន និងក្រេីនរំលឹកពីសារអប់រំសុខភាព ព្រមទាំងបានឧបត្ថម្ភអំណោយជួយសម្រាលការលំបាក ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា ជែល ម៉ាស់ និងថវិកាមួយចំនួន៕