រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញថ្លែង ក្នុងពិធីជួបជុំមន្ត្រី និងក្រុមគ្រួសារកម្សាន្តប្រចាំឆ្នាំ២០២១ នៅស្រុកថ្មបាំង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញថ្លែង ក្នុងពិធីជួបជុំមន្ត្រី និងក្រុមគ្រួសារកម្សាន្តប្រចាំឆ្នាំ២០២១ នៅស្រុកថ្មបាំង។

លោកជំទាវអភិបាលខេត្ត បានថ្លែងថា ខ្ញុំព្រះករុណានាងខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះវជិរប្បញ្ញោ គូ សុភាព និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមគោរព លោកគ្រូ នួន ថោង គ្រូបង្រៀនសមាធិ នៃភូមិគ្រឹះអប់រំចិត្តផ្កាឈូក ជាទីគោរព សូមគោរព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ជាទីគោរព។

ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលស្រុក លោក លោកសី អ្នកនាង កញ្ញាទាំងអស់ ជាទីស្រលាញ់រាប់អាន!។

ខ្ញុំព្រះករុណា នាងខ្ញុំពិតជាមានក្តីរំភើបរីករាយណាស់ដែលឃើញកម្មវិធីនេះ ត្រូវបានរៀបចំ ឡើងដោយមានការនិមន្ត និងអញ្ជើញចូលរួមយ៉ាងសកម្មពីព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ ខេត្ត និងមន្ត្រីរាជការទាំងអស់ នៅក្នុងឱកាសនេះ។ ជាការពិតណាស់ ដើម្បីឱ្យការដឹកនាំរបស់យើងកាន់តែប្រសើរ ទាំងខ្ញុំព្រះករុណានាងខ្ញុំសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ និងយុវជនទាំងអស់ សុទ្ធតែត្រូវការ ការដុសខាត់ ការអភិវឌ្ឍសមត្ថភាព ព្រមទាំងសុខភាពល្អទាំងកាយទាំងចិត្ត មិនខុសអីពីកាំបិត ដែល ប្រើប្រាស់ជាប្រចាំត្រូវការការសំលៀងជាប្រចាំដែរនោះ។ ខ្ញុំព្រះករុណា នាងខ្ញុំ សុំយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ ថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាខេត្តគ្រប់រូប ដែលតែងតែផ្ដល់ការប្រឹក្សា ចង្អុលបង្ហាញ ដល់គណៈអភិបាលខេត្ត ក្នុងការបំពេញការងារប្រចាំថ្ងៃជូន ខេត្ត ជូនអង្គភាព ក៏ដូចជាប្រជាពលរដ្ឋខេត្តកោះកុង។ នាងខ្ញុំក៏សូមអរគុណចំពោះថ្នាក់ដឹកនាំកង កម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងយុវជន ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ដែលបាន ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ចូលរួមយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មកន្លងមក ក្នុងកំឡុងពេលថ្ងៃនេះ យើងបានរៀបចំឱ្យមានការជួបជុំ ការកម្សាន្ត និងផ្តល់ឱកាសឱ្យមន្ត្រីទាំងអស់ បានសម្រាកលម្ហែប្រចាំឆ្នាំ ជួបជុំក្រុមគ្រួសារនៅតាមរមនីយដ្ឋានធម្មជាតិក្នុងតំបន់នានា ក្នុងស្រុកថ្មបាំង បន្ទាប់ពីការនឿយហត់មួយរយៈធំមកនេះ ជាពិសេស ការធ្វើសមាធិអប់រំចិត្ត ជម្រះកាយ។ អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះ គឺយើងខ្ញុំព្រះករុណា នាងខ្ញុំបានទទួលនូវព្រះវត្តមាន ដ៏មានតម្លៃពីសំណាក់ ព្រះវជិរប្បញ្ញោ គូ សុភាព ក្នុងការសម្តែងធម្ម ទេសនាបំភ្លឺផ្លូវ ដល់យើងខ្ញុំព្រះករុណា នាងខ្ញុំ ក៏ដូចក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តគ្រប់រូប និងបានឈ្វេងយល់ពីអត្ថប្រយោជន៍ នៃការធ្វើសមាធិ និងការអនុវត្តសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឱ្យកាន់តែមានប្រាជ្ញាភ្លឺថ្លា មានសន្តិភាពផ្លូវចិត្ត បង្កើនសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ បំពេញការងារកាន់តែមានប្រសិទ្ធភាព និងបានក្លាយជាអ្នកដឹកនាំដ៏ឆ្នើម ប្រកបដោយសមត្ថភាព និងគុណធម៌ បន្តកិច្ចការងារអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែមានភាពរីកចម្រើន។ បន្ទាប់ពីកម្មវិធីនៅក្នុងថ្ងៃនេះ ខ្ញុំព្រះករុណា នាងខ្ញុំ សង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីគ្រប់រូប នឹងយកចំណេះដឹងទៅអនុវត្តឱ្យជីវិត និងការងារ កាន់តែប្រសើរ និងបន្តអនុវត្តការធ្វើសមាធិឱ្យក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ខ្ញុំព្រះករុណា នាង ខ្ញុំសូមប្រគេនពរ ព្រះអង្គគ្រូ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ហើយខ្ញុំព្រះករុណានាងខ្ញុំ សូមប្រកាសបើក កម្មវិធីជួបជុំបុគ្គលិក និងក្រុមគ្រួសារកម្សាន្ត ប្រចាំឆ្នាំ២០២១ ចាប់ពីពេលនេះតទៅ។ សូមអរព្រះគុណ និងសូមអរគុណ!

ថ្ងៃសៅរ៍ ១៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ថ្ងៃនេះ ជាថ្ងៃកោរ December 18, 2021

អត្ថបទទាក់ទង