លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើ និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ យូ រី បានដាក់ពាក្យស្នើសូមចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុ នៃដីមានទីតាំងស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមាសភាពចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីជាក់ស្តែងរួមមាន៖ រដ្ឋបាលស្រុកមណ្ឌលសីមា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា មេឃុំ មេភូមិ ម្ចាស់សំណើ និងអ្នកពាក់ព័ន្ធ។
បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែងជារួមរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកមណ្ឌលសីមា សហការសម្របសម្រួលជាមួយមន្ទីរជំនាញ និងម្ចាស់សំណើ ដើម្បីចុះចុចយកនិយាមកាទីតាំងដីដែលស្នើសូមចុះបញ្ជី រួចដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារយកមកប្រជុំ ពិនិត្យ ពិភាក្សាបន្តតាមនីតិវិធី៕
ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ December 13, 2021