លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ នៅស្រែអំបិល។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡេីងថា លេខកូដ ១២៩៤ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយអង្គការភីន ជួយគាំទ្របច្ចេកទេស និងដាក់ឱ្យប្រើប្រាស់សម្រាប់ខេត្តនីមួយៗ។ មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកោះកុង បានអនុវត្តប្រើប្រាស់ដោយជោគជ័យ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ជិត ពីរពាន់នាក់។ ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ប្រើប្រាស់ក្នុងគោលបំណង ដើម្បីបង្កើនឱកាសដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋាន កាត់បន្ថយបាននូវគ្រោះភ័យ នៃគ្រោះមហន្តរាយនាពេលខាងមុខតាមរយៈលេខកូដ១២៩៤ ដែលបានចុះឈ្មោះ និងផ្ញើសារចូលជាសំឡេងតាមទូរស័ព្ទដៃ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការត្រៀមបង្ការ ការការពារ និងការជម្លៀសបានទាន់ពេលវេលាទាំងមុនពេលមិនទាន់មានគ្រោះមហន្តរាយ ទាំងក្នុងពេលមានគ្រោះមហន្តរាយ និងក្រោយពេលមានគ្រោះមហន្តរាយ។ ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះ ពិតជារួមចំណែក យ៉ាងធំធេង ក្នុងការលើកកម្ពស់នៃការយល់ដឹងស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយ តាមរយៈយន្តការនានា ជាពិសេសប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់លោក លោកស្រី មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទាំងអស់ ឱ្យថយចុះក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា។ ដូច្នេះត្រូវគិតគូដល់ការអភិវឌ្ឍន៍ ដែលមាននិរន្តរភាព ការពង្រឹងសមត្ថភាព ទាំងផ្នែករូបវ័ន្ត និងអរូបវ័ន្ត ការអភិវឌ្ឍន៍ធនធានមនុស្ស ការគោរពច្បាប់ ការគោរពស្រឡាញ់ និងចេះយោគយល់អធ្យាស្រ័យគ្នា និងការចេះជួយចែករំលែកគ្នាដល់អ្នករងគ្រោះជាដើម៕
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021