ព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១
លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី០១រូបបានចូលរួម សិក្ខាសាលាជាស៊េរីទី១៖ ស្វែងយល់ពីរបកគំហើញថ្មីៗ អំពីផលប៉ះពាល់នៃកូវីដ-១៩ ដែលពាក់ព័ន្ធនឹងវិស័យអាទិភាពក្នុងផែនការយុទ្ធសាស្រ្តរបស់នារីរតនៈទី៥ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានី-ខេត្តទាំង២៥ សរុបចំនួន ១៣៥រូប (ភាគច្រើនជាស្រ្តី) ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីអង្គការ UNDP, UNFPA និង OXFAM ផងដែរ។
សិក្ខាសាលានេះ មានគោលបំណង៖ ស្វែងយល់ពីបញ្ហា/និន្នាការថ្មីៗពាក់ព័ន្ធនឹងស្រ្តី កុមារ និងក្រុមងាយរងគ្រោះនិងក្រុមបាត់បង់ឱកាស ដែលកើតមានឡើងក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងកំណត់នូវសកម្មភាពឆ្លើយតបទៅនឹងបញ្ហាអាទិភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) ឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមកសាងឱ្យមានភាពប្រសើរឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សមភាព និងវិបុលភាព។
បន្ទាប់ពីបានស្តាប់ និងស្វែងយល់នូវបទបង្ហាញរបស់ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី និងអ្នកជំនាញមកពីអង្គការទាំង៣ខាងលើ ជាលទ្ធផល៖ អ្នកចូលរួមទទួលបានចំណេះដឹង មេរៀនបទពិសោធន៍ និងរបកគំហើញអំពីបញ្ហា/និន្នាការថ្មីៗដែលកំពុងកើតឡើងក្នុងកំឡុងពេល និងក្រោយពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នឹងចូលរួមកំណត់បាននូវសកម្មភាពអាទិភាពថ្មីៗដើម្បីឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ អោយកាន់តែមានប្រសិទ្ធភាព។