រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ដែលបានយល់ព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលបានយល់ព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់ខាងលើ រដ្ឋបាលខេត្តកោះកុង មន្រ្តីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ទូទាំងខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែយកចិត្តទុកដាក់គិតគូរ ដល់សុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាក់ស្តែងក្នុងអំឡុងពេលនៃវិបត្តិឆ្លងរាលដាលជំងឺកូវីដ-១៩នៅទូទាំងពិភពលោក ប្រជាជនកម្ពុជា មានភ័ព្វសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានខិតខំស្វះស្វែងរកថ្នាំបង្ការ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ហើយជាលទ្ធផល ប្រជាជនកម្ពុជាត្រូវបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩បានយ៉ាងច្រើនលើសលុប និងជាប្រទេសលំដាប់ថ្នាក់លេខ១ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី ដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ ដោយឡែកនៅខេត្តកោះកុងវិញ ក៏មានភ័ព្វសំណាងដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែង គិតគូរ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង រួមជាមួយនឹងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង ប្រមាណ៩៣.៧៣% ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានដោយជោគជ័យ ហើយប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ សូមគោរពថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ គិតគូរ ដល់សុខុមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា។ ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការគិតគូរ របស់សម្តេចពិជ័យសេនា ផ្ទៃដីចំនួន១៥០.០២០,៣៩ (មួយរយហាសិបពាន់ សូន្យរយម្ភៃ ក្បៀសសាមសិប្រាំបួន)ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន១២៦.៩២៨,៣៩ (មួយរយម្ភៃប្រាំមួយពាន់ ប្រាំបួនរយម្ភៃប្រាំបី ក្បៀស សាមសិបប្រាំបួន)ហិកតា ត្រូវបានកាត់ឆ្វៀលចេញពី តំបន់ការពារធម្មជាតិ ចំនួន០៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ និងផ្ទៃដីចំនួន ២៣.០៩២ (ម្ភៃបីពាន់ សូន្យរយ កៅសិបពីរ)ហិកតា ត្រូវបានកាត់ឆ្វៀលចេញពី តំបន់ដី គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្រ្គីនរិចគ្រុប ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋនិងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ បច្ចុប្បន្ននេះក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយតាមនីតិវិធីច្បាប់ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ ជាមួយនឹងករណីនេះ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ សម្តេចពិជ័យសេនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ គិតគូរ ដោះស្រាយជូនប្រជាពលរដ្ឋ។ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានខិតខំចុះមកសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយថ្ងៃនេះ មានប្រជាពលរដ្ឋ ចំនួន១,១០២គ្រួសារ បានយល់ព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង១,១០២គ្រួសារនេះ ដែលបានយល់ព្រមទទួលយកនូវការដោះស្រាយ ហើយនាងខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់ពុំទាន់យល់ព្រមទទួលយកនូវការដោះស្រាយ នឹងពិចារណា ហើយយល់ព្រមទទួលយកការដោះស្រាយដូចបងប្អូនប្រជាពលរដ្ឋទាំង ១,១០២គ្រួសារនាថ្ងៃនេះដែរ។
មុននឹងបញ្ចប់ នាងខ្ញុំសូម ស្នើដល់លោកអ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំ អនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការសុខាភិបាលនានា របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ខ្លួនឯង ដល់គ្រួសារ និងដល់សហគមន៍៕

ថ្ងៃអាទិត្យ ៩ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១November 28, 2021

អត្ថបទទាក់ទង