រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងដឹកនាំក្រុមការងារការិយាល័យជំនាញ និងពាក់ព័ន្ធចូលរួមប្រជុំពីចម្ងាយ(Zoom)ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការពិនិត្យវឌ្ឍនភាពនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារការិ.មធ្យមសិក្សាចំណេះទូទៅ និងប្រឡង និងការិ.សុខភាពសិក្សា ចូលរួមប្រជុំពីចម្ងាយ(Zoom meeting) ស្ដីពី ការពិនិត្យវឌ្ឍនភាពនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងក្រុមការងារនាយកដ្ឋានមធ្យមសិក្សា នាយកដ្ឋានកិច្ចការប្រឡង លោក លោកស្រីថ្នាក់ដឹកនាំ និងក្រុមការងារការិ.ប្រឡងទាំង២៥រាជធានី ខេត្ត សរុបប្រមាណ៩៣នាក់។ ជាលទ្ធផលនៃកិច្ចប្រជុំ៖
១/ថ្នាក់ដឹកនាំមន្ទីរ អយក.ទាំង២៥រាជធានី ត្រូវសហការពន្លឿនបញ្ជូនបញ្ជីឈ្មោះគណៈកម្មការមេប្រយោគ(ទាំងមណ្ឌលសំណេរ និងកំណែ) និងបញ្ជីបេក្ខភាពប្រឡងដោយមានរូបថតគ្រប់គ្រាន់មកនាយកដ្ឋានជំនាញ(កិច្ចការប្រឡង) យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
២/សម្រេចតម្លើងលក្ខខណ្ឌអាយុ៥៥ឆ្នាំ ដល់គណៈកម្មការមេប្រយោគ ប៉ុន្តែត្រូវមានសុខភាពល្អ
៣/បុគ្គលិកអប់រំមានជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ជាដើម មិនអនុញ្ញាតឱ្យចូលរួមជាគណៈកម្មការឡើយ ទោះបីមានអាយុក្រោមលក្ខខណ្ឌក្ដី
៤/បេក្ខភាពប្រឡងត្រូវតែបញ្ចប់ និងសម្អាតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ជាកំណត់ រាជធានី ខេត្តត្រូវទទួលខុសត្រូវនិងដោះស្រាយជាមួយបេក្ខជនចំពោះបញ្ហាដកបេក្ខភាពប្រឡង
៥/យកចិត្តទុកដាក់លើបញ្ហាសុខភាពជាចម្បងពិសេសគណៈកម្មការមេប្រយោគ និងបេក្ខជន
៦/គណៈកម្មការដែលរកឃើញវិជ្ជមានកូវីដ១៩មុនថ្ងៃប្រឡង និងកំពុងដំណើរការប្រឡង មិនអនុញ្ញាតឱ្យបំពេញភារកិច្ចឡើយ ដោយឡែកបេក្ខជនដែលវិជ្ជមានក្រសួងកំពុងពិចារណាក្នុងការរៀបចំឱ្យប្រឡងបែបណា ឬដកមិនឱ្យប្រឡង នឹងប្រជុំពិភាក្សាគ្នាបន្តបន្ទាប់ទៀត។ ជារួមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីសង្កត់ធ្ងន់ការយកចិត្តទុកដាក់លើការថែទាំសុខភាពទាំងគណៈកម្មការ និងបេក្ខជន។(អត្ថបទដោយ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង