លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន ក.រ.ម ក្នុងកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទំរង់របាយការណ៍ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានលើកឡើងថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា រដ្ឋបាលខេត្តកោះកុង រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកវិនិយោគក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានពុះពារជម្នះបញ្ហាប្រឈមជាច្រើន ដោយមានការឧបត្ថម្ភគាំទ្រពី សម្តេចពិជ័យសេនា និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ព្រមទាំងក្រុមការងារខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានធ្វើឱ្យរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក មានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈ ក្នុងនោះសមិទ្ធិផលធំៗ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដូចជា ស្ពានកោះកុង ផ្លូវជាតិលេខ ៤៨ ភ្ជាប់ដោយស្ពានឆ្លងកាត់ដៃព្រែក ៤កន្លែង តំបន់សេដ្ឋកិច្ចពិសេសកោះកុង សណ្ឋាគារកោះកុងរីហ្សត វារីអគ្គិសនី រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត មានតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ប្រណិត ជាច្រើនកន្លែង និងមានសក្តានុពលទេសចរណ៍ដ៏ធំ ផ្នែកទេសចរណ៍តំបន់ឆ្នេរ។ បច្ចុប្បន្នយើងមានទីលានវាយកូនហ្គោលដ៏ប្រណិត និងព្រលានយន្តហោះអន្តរជាតិ ដែលស្ថាបនាដោយក្រុមហ៊ុន យូញៀន ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ។ ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បាននិងកំពុងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង ការសាងសង់ ជួសជុលទីលានផ្នូរសពយុទ្ធជនខេត្តកោះកុង ស្ថិតក្នុងក្រុងខេមរភូមិន្ទ និងកំពុងសិក្សាសាងសង់តំបន់អភិវឌ្ឍន៍វិស្សមកាល សម្តេចពិជ័យសេនា ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។
ក្រោយពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធិនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលកម្ពុជា នៅខេត្តកោះកុង កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ និងផ្អែកទៅតាមតួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារ ដែលកំណត់ដោយសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល សមាសភាពដែលពាក់ព័ន្ធទាំងអស់ក្នុងក្រុមការងារ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក បានលើកកំពស់ កិច្ចសហការ សម្របសម្រួល ក្នុងការដោះស្រាយបញ្ហានានា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅ មូលដ្ឋាន នៅទូទាំងខេត្ត ដោយបានផ្សាភ្ជាប់ទំនាក់ទំនងរវាង រាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កម្មវិធីនយោបាយតាមវិស័យ ក៏ដូចជា សភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋាន។
កន្លងមកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក បានរៀបចំកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋាន ដើម្បីពង្រឹងការអនុវត្តតួនាទី និងរបៀបរបបការងារ របស់ មន្ទីរ អាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ឱ្យបានល្អ បង្កើនការឆ្លើយតប សំណូមពរនានា របស់ប្រជាពលរដ្ឋ និងលើកកំពស់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕
ថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ November 16, 2021