លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីករណីការធ្វើតេស្តរហ័សចំពោះអ្នកបើកបរ ជំនួយការអ្នកបើកបរ និងអាជីវករដែលឆ្លងកាត់ព្រំដែន ដើម្បីផ្លាស់ប្តូរទំនិញនៅប្រទេសជិតខាងកម្ពុជា។
លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសជិតខាងកម្ពុជា នាពេលបច្ចុប្បន្ន នៅមានកម្រិតខ្ពស់នៅឡើយ និងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក សូមស្នើឱ្យបន្តអនុវត្តការធ្វើតេស្តរហ័សចំពោះអ្នកបើកបរ ជំនួយការអ្នកបើកបរ និងអាជីវករដែលឆ្លងកាត់ព្រំដែន ដើម្បីផ្លាស់ប្តូរទំនិញនៅប្រទេសជិតខាងកម្ពុជា នៅរៀងរាល់៧២ម៉ោងម្តង តាមការណែនាំដែលបានដាក់ចេញកន្លងមក រហូតដល់មានការណែនាំថ្មី ដូច្នេះក្រុមការងារដែលមានសមត្ថភាពកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕
ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ November 15, 2021