ព្រឹកនេះ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សានិងប្រឡង និងការិយាល័យសុខភាពសិក្សាអមដំណើរឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១តាមមណ្ឌលប្រឡងមួយចំនួនក្នុងក្រុងខេមរភូមិន្ទដូចជា នៅមណ្ឌលវិទ្យាល័យ ចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង និងមណ្ឌល អនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ដោយជំរុញប្រធានមណ្ឌល គណៈកម្មការមេប្រយោគទាំងអស់ និងបក្ខជនប្រឡងគោរពនូវវិធានកាតសុវត្ថិភាព និងសុខភាពឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។
១.មណ្ឌលវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុងមាន បេក្ខជនសរុបៈ២៧៧នាក់ ស្រី ១២៨នាក់ ១១ បន្ទប់ មានបេក្ខជនប្រឡងបន្ទប់ដាច់ដោយឡែក ១ បន្ទប់ មានបេក្ខជន វិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ស្រី ០០នាក់ ។
២.មណ្ឌលអនុវិទ្យាល័យជាស៊ីម ស្មាច់មានជ័យ មានបេក្ខជនសរុបៈ១៣១នាក់ ស្រី ៦៣ នាក់ ពុំមានបេក្ខជនប្រឡងដាច់ដោយឡែកទេ។
គួរបញ្ជាក់ផងដែរថាសម្រាប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិគ្រប់មុខវិជ្ជាគឺជាបន្ទុកផ្ទាល់របស់សាមីគ្រឹះស្ថាន បេក្ខជនបានដាក់ពាក្យប្រឡងសរុបទូទាំងខេត្ត ១៧២០នាក់ ស្រី៧៧៥នាក់ ស្មើនឹង ៧០បន្ទប់ មណ្ឌលប្រឡងចំនួន ៣១។ គ្រប់ក្រុង ស្រុកទាំង ០៧ ក្នុងខេត្តកោះកុង បានរៀបចំដំណើរការប្រឡងប្រព្រឹត្តទៅជាប្រក្រតីយ៉ាងរលូន ដោយគោរពតាមគោលការណ៍វិធានសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ បានខ្ជាប់ខ្ជួន។(អត្ថបទដោយ៖ ហង់ សុវណ្ណ)