រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី ចំណុះរដ្ឋបាលខេត្តកោះកុង ដែលជាកម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី ចំណុះរដ្ឋបាលខេត្តកោះកុង ដែលជាកម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១

លោកជំទាវអភិបាលខេត្ត បានថ្លែងនូវការសរសើរចំពោះកម្មសិក្សាការីទាំងអស់ នៃខេត្តកោះកុង ដែល មានឆន្ទៈខ្ពស់ក្នុងការចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល បន្ត ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល។ លោកជំទាវបានលើកទឹកចិត្ត ដល់កម្មសិក្សាការី ឲ្យខិតខំប្រឹងប្រែងរៀនសូត្ររហូតដល់បញ្ចប់វគ្គ ឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា និងបន្ទាប់ពីបញ្ចប់ វគ្គហើយ ត្រឡប់មកបំពេញមុខងារវិញអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាការចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ក្នុងអង្គភាពរបស់ខ្លួន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបឲ្យបានទាន់ពេលវេលា និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកជំទាវអភិបាល ក៏បានលើកទឹកចិត្តដល់កម្មសិក្សាការីទាំងអស់ ត្រូវចែករំលែកនូវចំណេះដឹង បទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលទាំងប៉ុន្មាន ជូនដល់មន្ត្រីរួមការងារក្នុងអង្គភាព ជាមួយគ្នាផងដែរ។

តំណាងកម្មសិក្សាការីខេត្តកោះកុង បានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ បើទោះបីជាមានបញ្ហាប្រឈមពាក់ព័ន្ទទៅនឹងជំងឺកូវីដ-១៩ ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃសាលាភូមិន្ទរដ្ឋបាល និងសាស្ត្រាចារ្យ គ្រូឧទ្ទេសទាំងអស់ មានការ យកចិត្តទុកដាក់ខ្ពស់ ក្នុងដំណើរការបណ្តុះបណ្តាលកម្មសិក្សាការីតាមកម្មវិធីរបស់សាលាដែលបាន គ្រោងទុក តាមរយៈប្រព័ន្ធអនឡាញ Microsoft Teams ដោយអនុលោមតាមគោលការណ៍ដ៏មានប្រសិទ្ធភាពខ្ពស់បំផុតរបស់សាលាគឺ វិន័យ គុណភាព គុណធម៌ នវានុវត្តន៍។

សូមបញ្ជាក់ថា កម្មសិក្សាការី ដែលជាមន្ត្រីចំណុះរដ្ឋបាលខេត្តកោះកុង បានទៅចូលរួមវគ្គ បណ្តុះបណ្តាលបន្ត ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល រួមមានវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម។ ដោយឡែកក្នុងឱកាសនេះដែលក៏មានការចូលរួមពីសំណាក់កម្មសិក្សា ការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ចំនួន២រូប ដែលជាអតីតសិស្សវិទ្យាល័យកោះកុង ខេត្តកោះកុងផងដែរ៕

អត្ថបទទាក់ទង