សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីវិធានការពារខ្លួនពីជំងឺកូវីដ១៩ ដល់បងប្ងូននៅតាមសហគមន៍
សាខា កក្រក កោះកុង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តសាខាសហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង អាជ្ញាធរមូលដ្ឋាន ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ចុះធ្វើការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងឃុំឬស្សីជ្រុំ ឃុំតាទៃលើ ឃុំប្រឡាយ ស្រុកថ្មបាំង ក្នុងខេត្តកោះកុង ។
យុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីសមាគមន៍កាកបាទក្រហម អន្តរជាតិ (ICRC) តាមរយៈគម្រោងត្រៀមបង្ការ និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
គោលបំណងនៃយុទ្ធនាការនេះគឺ ដេីម្បីចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»ឱ្យមានប្រសិទ្ធភាពខ្ពស់ រៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) ។
ក្នុងយុទ្ធនាការនេះ ក៏មានការផ្សព្វផ្សាយតាមវិទ្យុសាគរកោះកុង និងការចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ស្តីពីវិធានការការពារខ្លួនពីជំងឺកូវីដ១៩េ ការសាកសួរពីសុខភាពផ្លូវចិត្ត និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ អោយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ជាពិសេសបងប្អូនដែលជាអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីអោយពួកគាត់បានយល់ដឹង និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ។ យុទ្ធនាការនេះ មានការចែកនូវម៉ាស់ ខិត្តប័ណ្ណអប់រំ និងមានចាក់ជាសារសម្លេងអប់រំពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកមកៀកស្មាគ្នា កុំឱបគ្នាជាដេីម ) ។
សម្ភារដែលសាខាបានប្រើប្រាស់រួមមាន ៖ ផ្ទាំងផ្សព្វផ្សាយ ៥០ផ្ទាំង ប័ណ្ណប្រកាស ១៥០សន្លឹក ប័ណ្ណសន្លឹកបត់ ២០០សន្លឹក និងផ្តល់ម៉ាស់ក្រណាត់ចំនួន ១៥០ម៉ាស់ សាប៊ូដុំ ១០០ដុំ ផងដែរ ៕