លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី"ការរៀបចំគោលដៅទទួលភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំង"
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ ថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមនស្សរីក រាយក្រៃលែង ដោយបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “ការរៀបចំក្រុងព្រះសីហនុ ក្នុងកោះរ៉ុង តារាសាគរ ជាគោលដៅទទួលទេសចរណ៍វាក់សាំង” តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសំឡេង(Zoom Meeting) ជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នៅពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមចូលរួមអបអរសាទរ និងគាំទ្រដោយស្មោះជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចជា ផ្លូវការនូវ “ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង" កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១កន្លងទៅ។ ក្នុងបរិការណ៍កូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង បានធ្លាក់ចុះរហូតដល់៦៣% និងបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹង កំពុងខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាននៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវច្បាប់ បទប្បញ្ញត្តិ វិធានសុខាភិបាល វិធានរដ្ឋបាល និងវិធានផ្សេងៗទៀតជាបន្តបន្ទាប់ រួមនឹងសន្ទស្សន៍ នៃការចាក់វ៉ាក់សាំងបានល្អប្រសើរ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងបានធ្វើឱ្យប្រទេសជាតិយើង អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នេះ បានល្អប្រសើរ ដែលអាចជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផ្សេងៗ ជាពិសេសជួយសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋឱ្យដំណើរការបានល្អប្រសើរ ដែលជាផ្នែកមួយក្នុងការចូលរួម កាត់បន្ថយភាពក្រីក្របានមួយកម្រិតបន្ថែមទៀត។ តាមរយៈការខិតខំប្រឹងប្រែង ដ៏ថ្លៃថ្លារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងក្របខណ្ឌទូទាំងប្រទេស ប្រជាពលរដ្ឋក្នុងខេត្តកោះកុង មានឱកាសល្អប្រសើរ ដោយបានទទួលការចាក់វ៉ាក់សាំងមុនគេ និងបានគ្រប់ចំនួន ក្នុងនោះ សម្តេច បានបិទ បញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ ហើយថ្ងៃនេះ សម្តេច បានបើកការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុចាប់ ពី៥ឆ្នាំឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តកោះកុង មានអាត្រាឆ្លងជំងឺកូវីដ-១៩តិចតួចបំផុត ក្នុងនោះទាំងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩បានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាល បានផ្ដល់ឱកាសដល់ខេត្តកោះកុង ដោយបានបើកតំបន់តារាសាគរ ដែលជាតំបន់ ពហុបំណងសេដ្ឋកិច្ចជាគោលដៅទេសចរណ៍សុវត្ថិភាព និងចាត់ទុកជាតំបន់អេកូទេសចរណ៍ ដ៏មានសក្តានុពល នៅក្នុងខេត្តកោះកុង រួមទាំងផ្តល់លទ្ធភាពខ្ពស់ដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំ និងការសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន…។ល។) រួមទាំងសមិទ្ធិផលជាច្រើនទៀតសម្រាប់ខេត្តកោះកុង។ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត ក៏បានត្រៀមខ្លួនរួចជាស្រេច និងបានត្រៀមនូវវិធានការការពារ ក៏ដូចជាការទទួលការចាក់វ៉ាក់សាំងជូន ភ្ញៀវទេសចរណ៍នៅតំបន់តារាសាគរឱ្យបានគ្រប់ចំនួន២ដូសផងដែរ។ ទន្ទឹមនឹងនោះ នាងខ្ញុំក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលតែងតែគិតគូ និងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង ឱ្យកាន់តែប្រសើរឡើង និងបាន រីកមុខរីកមាត់នៅក្នុងឆាកអន្តរជាតិ។ រដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ នឹងខិតខំយកចិត្តទុកដាក់ចូលរួមអនុវត្តតាមស្មារតី នៃកិច្ចប្រជុំនាថ្ងៃនេះ និងទទួលការណែនាំបន្ថែមនូវចំណុចគន្លឹះសំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី និងគំនិតយោបល់ល្អៗ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់គ្រាន់ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រ ស្តីពី“ការបើកទទួលភ្ញៀវទេសចរណ៏ ចាក់វ៉ាក់សាំង សម្រាប់គោលដៅខេត្តព្រះសីហនុ និងត្រៀមរៀបចំតំបន់តារាសាគរខេត្តកោះកុង ទេសចរណ៍សុវត្ថិភាព”៕