លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើក
វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារសេវាសង្គមក្រុង ស្រុក និងឃុំ សង្កាត់
តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)
លោកអភិបាលរង បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់អនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋលើសេវាសាធារណៈ និងផលប្រយោជន៍អំពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន និងសមធម៌សង្គម ឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអ្នកមានភារកិច្ចគាំទ្រ និងអ្នកអនុវត្តផ្ទាល់ឱ្យបានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ខ្ញុំសូមគូសបញ្ជាក់ជូនថាដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការមួយដ៏សាំញ៉ាំ និងស្មុគស្មាញ ព្រោះជាកំណែទម្រង់ខាងនយោបាយ និងរដ្ឋបាល ដែលតម្រូវឱ្យធ្វើការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការអនុវត្តបណ្ដើរ រៀនសូតបណ្ដើរ និងទាមទារឱ្យមន្ត្រីរបស់យើងមានការផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារផងដែរ។ ទន្ទឹមនេះ ដោយមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យដំណើរការកំណែទម្រង់នេះបោះជំហានទៅមុខយ៉ាងរឹងមាំ និងទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មនូវប្រព័ន្ធអភិបាលកិច្ចដែលមានកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់នានាតាមវិស័យ។ ក្នុងស្មារតីនេះ ក្រសួងមហាផ្ទៃបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយបានសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានជំរុញ និងណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសង្គមដល់ជនងាយរងគ្រោះ មានជាអាទិ៍ ស្ត្រី កុមារ ជនមានពិការភាព ជនជាតិដើមភាគតិច ចាស់ជរា ជនក្រីក្រ និងជនចំណាកស្រុក ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ អង្គពិធីទាំងមូលឲ្យបានជ្រាបថាការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ត្រូវឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងមានលក្ខណៈទូលំទូលាយដោយមានការចូលរួមក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ពីគ្រូឧទ្ទេស ជូនដល់សិក្ខាកាមទាំងអស់ ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការបំរើសេវាសាធារណៈ សេវារដ្ឋបាល ជាពិសេសសេវាសង្គមឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព និងសមធម៌។ ឯកសារឆ្លុះបណ្តុះបណ្តាលស្តីពីការអនុវត្តសកម្មភាពសេវាសង្គម គឺជាឯកសារដែលមានសារៈសំខាន់រួមមាន៖
មេរៀនទី១៖ ទិដ្ឋភាពទូទៅនៃសេវាសង្គម ដែលបរិយាយអំពីសេវាសង្គម បញ្ហាសេវាសង្គម ការអភិវឌ្ឍ និងបរិយាប័ន្ន។
មេរៀនទី២៖ ទិដ្ឋភាពច្បាប់ និងការណែនាំពាក់ព័ន្ធសេវាសង្គម ដែលនឹងធ្វើការបរិយាយអំពីលិខិតបទដ្ឋានគតិយុត្ត និងឯកសារបច្ចេកទេសពាក់ព័ន្ធការណែនាំ និងបញ្ជីជម្រើសេវាសង្គម
មេរៀនទី៣៖ នឹងបរិយាយអំពីវិធីសាស្ត្រក្នុងការដាក់បញ្ចូលគម្រោងសេវាសង្គមទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាការពិតណាស់ ការផ្តល់ការបណ្ដុះបណ្ដាលពីមេរៀនខាងលើនេះ មានសារៈសំខាន់ជាសាវ័ន្ត ប៉ុន្តែអ្វីដែលសំខាន់ និងចាំបាច់ជាងនេះទៅទៀត គឺការយកចំណេះដឹងជំនាញ និងបទពិសោធន៍ ដែលទទួលបានពីការសិក្សារៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឲ្យបានចំគោលដៅក្នុងដែនសមត្ថកិច្ច និងការបន្តអភិវឌ្ឍសមត្ថភាពនៅតាមអង្គភាពរៀងៗខ្លួនបន្ថែមទៀតដែលជាកត្តាមិនអាចខ្វះបាន។ ក្នុងន័យនេះខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមឲ្យបានសកម្មក្នុងការចែករំលែកទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍នានា ដែលអស់លោក លោកស្រីមានជាមួយ អស់លោក លោកស្រីជាគ្រូឧទ្ទេស ដែលបានបង្ហាត់បង្ហាញនេះ ជាពិសេសត្រូវចេះស្តាប់ ចេះគិត ចេះពិចារណា ចេះសាកសួរដេញដោល និងចេះកត់ត្រាទុក។ វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការអនុវត្តគម្រោងសេវាសង្គម ព្រមទាំងបង្កើនការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការអនុវត្តនូវនីតិវិធីបច្ចេកទេស និងកម្មវិធីនានាដែលមានចែងនៅក្នុងឯកសារណែនាំស្តីពីការអនុវត្តសេវាសង្កមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕