លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ក្រុង ស្រុក របស់ខេត្តកោះកុង។
លោកនាយករដ្ឋបាល បានគូសបញ្ជាក់ថា ក្រោយពីការធ្វើបទបង្ហាញក្នុងវេទិកាពិគ្រោះយោបល់ ការណែនាំ និងការពិភាក្សា អស់រយៈពេលមួយព្រឹក កន្លងទៅនេះ ពិតជាបង្ហាញឱ្យឃើញថា វេទិកាពិគ្រោះយោបល់នេះជាឱកាសដ៏សំខាន់ដែលយើងធ្វើការពិភាក្សា លើការអនុវត្តប្រព័ន្ធផែនការថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែងសកម្មភាព អភិវឌ្ឍន៍របស់យើងទាំងអស់គ្នា វេទិកាពិគ្រោះយោបល់នេះ ទទួលបានលទ្ធផលល្អប្រសើរដែលធ្វើឱ្យខ្ញុំមានមោទនភាពក្រៃលែង ព្រមទាំងសូមសំដែងនូវការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវេទិកាពិគ្រោះ យោបល់នេះ។ លទ្ធផលល្អបែបនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែង និងការចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ របស់សមាជិក សមាជិកា យើងទាំងអស់គ្នា ដែលបានចូលរួមក្នុងវេទិកាតាំងពីពេលបើករហូតដល់ពេលបញ្ចប់។ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងជ្រាលជ្រៅបំផុត ដោយបានសង្កេតឃើញលទ្ធផលដែលផ្ដល់ការចូលរួមគាំទ្រពីមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍរបស់យើង ដែលបានកំពុងផ្តល់ការគាំទ្រដល់កម្មវិធីអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦ ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ខ្ញុំសូមធ្វើការផ្តាំផ្ញើនូវអនុសាសន៍មួយចំនួបន្ថែម សម្រាប់អនុវត្តដូចខាងក្រោម៖
(១)-ក្រុមការងារកសាងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុកបន្តសកម្មភាពរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)របស់ខេត្ត ក្រុង ស្រុក តាមសេចក្ដីណែនាំបច្ចេកទេសស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បន្តទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សាថ្នាក់រដ្ឋបាលនីមួយៗអនុម័ត ឱ្យបានទាន់ពេលវេលាស្របតាមច្បាប់កំណត់។
(២)-មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគក្រុង ស្រុក ថ្នាក់ក្រុង ស្រុក តាមកម្មវិធីដែលបានជម្រាបជូន ការចូលរួមតាំងពីពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់ ហើយមន្ទីរ អង្គភាពជំនាញត្រូវផ្ដល់ការគាំទ្រដល់គម្រោងអទិភាពឃុំ សង្កាត់ ដែលឃុំ សង្កាត់ ក្រុង ស្រុក បានលើកឡើងនៅក្នុង តារាងម៉ាទ្រិចសកម្មភាពជាអាទិភាពរបស់ក្រុង និងបណ្តាស្រុក ដោយបន្ស៊ីជាមួយសកម្មភាព នៃថវិកាកម្មវិធី របស់មន្ទីរអង្គភាពជំនាញ។ ការចូលរួមរបស់លោក លោកស្រី ជាស្ថាប័នជំនាញ ពិតជាមានសារៈសំខាន់ក្នុងការ បកស្រាយពន្យល់ បំភ្លឺដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈកម្មាធិការកសាងផែនការ និងថិវកាឃុំ សង្កាត់ ដែលកំពុងតែ រង់ចាំការគាំទ្រទាំងគម្រោងសកម្មភាព និងអនុសាសន៍ពីស្ថាប័នជំនាញដែលជាភ្នាក់ងារផ្តល់ សេវាសាធារណៈរបស់រដ្ឋ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
(៣)-មន្ទីរជំនាញអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានផ្សេងៗទៀតដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួងឫធនធានពីអង្គការជាតិ អន្តរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ គម្រោងវិនិយោគជាអទិភាពរបស់ឃុំ សង្កាត់ នៅក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុង ស្រុក ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកំពុងតែទាមទារឱ្យស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិ ជួយគាំទ្រ និងបង្ហាញពីសង្គតិភាពរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។
(៤)-សំណូមពរដល់អង្គការជាតិ អន្តរជាតិសមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ខេត្ត សូមពិនិត្យ លើសកម្មភាពជាអទិភាពរបស់ប្រជាជន នៅមូលដ្ឋានដែលមាននៅក្នុងតារាងម៉ាទិច សកម្មភាពជាអាទិភាពដើម្បី បង្កើតការគាំទ្រគ្រោងវិនិយោគរបស់ឃុំ សង្កាត់ នៅតាមទីតាំង គោលដៅអភិវឌ្ឍន៍របស់ខ្លួន នៅពេលសិក្ខាសាលា សមាហរណកម្មថ្នាក់ក្រុង ស្រុក ចាប់ផ្តើមដំណើរការ ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ។
(៥)-អភិបាលក្រុង ស្រុក ត្រូវរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុងស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះឱ្យដំណើរការសម្រេចបានលទ្ធផលល្អតាមការគ្រោងទុក។ សម្របសម្រួលកៀរគរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីវប្បធម៌ការចូលរួមគាំទ្រគម្រោងសកម្មភាព និងការធ្វើសេចក្តីសម្រេចចិត្តសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន៕