រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អបអរសាទរទិវាមនុស្សចាស់

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា បានរៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ គាំពារសុខុមាលភាពមនុស្សចាស់ នៅក្នុងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។

នៅក្នុងសង្គមខ្មែរ យើងមានវប្បធម៌ប្រពៃណីតាំងពីយូរលង់មកហើយក្នុងការគោរព ប្រណិបត្តិនិងផ្តល់តម្លៃចំពោះមនុស្សចាស់ ដែលជាមាតាបិតា សាស្រ្តាចារ្យ បុព្វការីជន នៅគ្រប់មជ្ឈដ្ឋានទាំងក្នុងគ្រួសារនិងសង្គមជាតិទាំងមូល។

ទិវាមនុស្សចាស់ឆ្នាំនេះប្រារព្ធឡើងនៅចំពេលដែលប្រទេសកម្ពុជាយើងរៀបចំកំពុងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ ក្នុងគោលបំណងតបស្នងសងគុណចំពោះមាតាបិតា បុព្វការីជន ទោះអស់លោកបានទទួលមរណកាលក្តី នៅមានជន្មាយុក្តី។ បុណ្យភ្ជុំបិណ្ឌបានបង្ហាញនូវវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លានៃជាតិសាសន៍យើងក្នុងការលើកកម្ពស់ឱ្យតម្លៃដល់មនុស្សចាស់ តាំងពីដើមរៀងរហូតមក។

គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ និងកម្មវិធីផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សចាស់ របស់រាជរដ្ឋាភិបាល បានដាក់ចេញដើម្បីធ្វើឱ្យប្រាកដថា សុខុមាលភាព និងតម្រូវការនានារបស់មនុស្សចាស់នឹងបានឆ្លើយតបដោះស្រាយកាន់តែល្អប្រសើរជាលំដាប់។

បន្ថែមពីនេះ ក្នុងកំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស ដោយបានផ្តល់ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជាអាទិភាពដល់មនុស្សចាស់ទាំងអស់។

យើងបានចាត់ទុកទិវាមនុស្សចាស់ ជាទិវាបុណ្យរំលឹកដល់គុណូបការៈចំពោះបុព្វការីជន នៅគ្រប់ជំនាន់ដែលបានកសាងនិងបន្សល់ទុកនូវកេរ្តិ៍មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕

អត្ថបទទាក់ទង